បុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ប្រកាន់ទំនៀមទម្លាប់តាមបែបដូនតា កំណត់យកថ្ងៃ បុណ្យកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ និងថ្ងៃ បុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោច ខេភទ្របទ ជារៀងរាល់ឆ្នាំ។
ក្នុងសម័យពុទ្ធកាល ពុំមានពាក្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ នេះទេ មានតែពាក្យ បវារណាបច្ច័យ៤ ឬ ទំនុកបំរុងបច្ច័យ៤ ។ ដូចនៅក្នុងគម្ពីរធម៌បទមាននិយាយអំពីរឿងរ៉ាវ ព្រះសម្ពុទ្ធ និងព្រះភិក្ខុសង្ឃគង់ចាំវស្សាហើយមានពុទ្ធបរិស័ទទំនុកបំរុងបច្ច័យ៤ អស់មួយត្រីមាស។ រីឯការកាន់បិណ្ឌក៏មិនកំណត់តែត្រឹម១៤ថ្ងៃយ៉ាងដូច្នេះដែរ គឺពុទ្ធបរិស័ទជំនាន់នោះចាប់កាន់បិណ្ឌ តាំងពីថ្ងៃចូលវស្សារហូតមកដល់ថ្ងៃចេញវស្សាទើបឈប់។
បុណ្យកាន់បិណ្ឌ
ក្នុងថ្ងៃកាន់បិណ្ឌទាំង១៤ថ្ងៃ ពុទ្ធបរិស័ទចំណុះជើងវត្តចែកវេនគ្នាជា១៤វេន
ដើម្បីកាន់បិណ្ឌ។ កូនចៅបានរៀបចំទេយ្យទាននិងគ្រឿងបរិក្ខាផ្សេងៗ
ជូនដល់មាតា-បិតា ជីដូន-ជីតា ឬចាស់ព្រឹទ្ធាចារ្យ ដើម្បីចូលទៅកាន់បិណ្ឌ
ក្នុងវត្តរបស់ខ្លួន។ ក្នុងគ្រានោះ លោកទាំងឡាយនឹងបានឱកាស ចំរើនភាវនា
សមាទានសីល៥ សីល៨ ឬសីល១០ និងបានបំពេញកុសលផ្សេងៗ ដូចជា ការបំរើព្រះសង្ឃ
និងបោសសំអាតវត្តអារាម មានព្រះវិហារ និងកុដិ ជាដើម។ក្នុងវេននីមួយៗ វេលាយប់ មានប្រគេនភេសជ្ជៈចំពោះព្រះសង្ឃនិងចាស់ព្រឹទ្ធាចារ្យ កាន់សីល៨ឬសីល១០។ បន្ទាប់មក នមស្សការព្រះរតនត្រ័យ សមាទានសីល៥ ឬសីល៨ ឬសីល១០ និមន្តព្រះសង្ឃចំរើនព្រះបរិតនិងអារាធនាធម្មកថឹកមួយអង្គសំដែងធម្មទេសនា។ ពេលទៀបភ្លឺ បន្ទាប់អំពីថ្វាយបង្គំព្រះនិងចំរើនភាវនារួចមក ព្រះសង្ឃសូត្រធម៌បទ បរាភវសូត្រ ឮសូរដ៏គ្រលួចគួរឱ្យស្រណោះ ជាបទបាលីយ៉ាងនេះថា “ បរាភវន្តំ បុរិសំ ........។ល។ ។ បន្ទាប់មកពុទ្ធបរិស័ទនាំគ្នាប្រគេនយាគូចំពោះព្រះសង្ឃ និងថ្ងៃត្រង់វេរភត្តប្រគេនព្រះសង្ឃ ដោយមានប័ង្សុកូលឧទ្ទិសកុសលចំពោះវិញ្ញាណជីដូនជីតា ញាតិកា៧សន្តាន និងបុព្វការីជនទាំងឡាយដែលបានចែកឋានបាត់ទៅហើយនោះផង។
បុណ្យភ្ជុំបិណ្ឌ
ថ្ងៃ១៥រោចខែភទ្របទ ជាថ្ងៃបុណ្យធំឬជាថ្ងៃបង្ហើយ។
កូនចៅទាំងឡាយដែលមិនបានមកដាក់បាត្រប័ង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជីដូនជីតា
និងញាតិកា៧សន្តាន ក្នុងពេលកាន់បុណ្យទាំង១៤ថ្ងៃនោះ
ព្រោះតែជាប់រវល់កិច្ចការ ក្នុងទីក្រុងឬខេត្តឆ្ងាយៗ
ត្រូវតែធ្វើដំណើរទៅកាន់ស្រុកភូមិកំណើត ក្នុងថ្ងៃ១៥រោចនេះ
ដើម្បីប្រារព្ធពីធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងញាតិមិត្ត
ឱ្យបានសមរម្យតាមប្រពៃណី។ពេលព្រឹកថ្ងៃ១៥រោច គេនាំគ្នាស្លៀកពាក់ស្អាតបាត យួរស្រាក់ម្ហូបអាហារ បង្អែម ចំអាប នំអន្សម នំគម នំជា នំឆ្នៃ យកទៅវេរប្រគេនព្រះសង្ឃនៅឯវត្ត និងប័ង្សុកូលឧទ្ទិសកុសលវិញ្ញាណក្ខន្ធដូនតា។ ពេលល្ងាច តាមតំបន់ខ្លះ មានរៀបចំពិធីសែនដូនតា។ លុះព្រឹកឡើងស្រាងៗថ្ងៃ១កើតខែអស្សុជ មានរៀបចំនំចំណី ផ្លែឈើ សណ្តែក ល្ង អង្ករ អំបិល ដាកក្នុងកូនទូក ធ្វើអំពីស្រទបចេក រួចហើយអុជទៀនធូបបណ្តែតដើម្បីជូនដំណើរដូនតា ត្រឡប់ទៅស្រុកវិញ។ គ្រួសារខ្លះ យកបាយបិណ្ឌទៅចោលក្នុងស្រែសែនឱ្យយក្ខិនី ព្រោះយក្ខិនីជាអ្នកដឹងថា ឆ្នាំណាមានភ្លៀងច្រើន ឆ្នាំណាមានភ្លៀងតិច ជាដើម(ទាក់ទងនឹងរឿងយក្ខិនីក្នុងគម្ពីរធម្មបទកថា ភាគ១)។ល។
បុណ្យភ្ជុំបិណ្ឌនេះ ជាប់ទាក់ទងទៅនឹងរឿងជាច្រើន ក្នុងគម្ពីរពុទ្ធសាសនា ដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិទ្យាធរ និងគម្ពីរធម្មបទ ជាដើម។ ប៉ុន្តែ បុណ្យភ្ជុំបិណ្ឌ ដែលខ្មែរយើងធ្លាប់ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៥រោចខែភទ្របទ ពុំដែលអាកខាននោះ ក៏ព្រោះតែប្រារព្ធនូវរឿងពួកប្រេត ដែលត្រូវជាញាតិរបស់ព្រះបាទពិម្ពិសារ ជាហេតុ។
ក្នុងគម្ពីរព្រះធម្មបទភាគទី១ មានរឿងបញ្ជាក់មកថា៖ “ នៅក្នុងកប្បទី២៩(កន្លងពីភទ្ធកប្បនេះមក) មានព្រះសម្មាសម្ពុទ្ធព្រះនាម ផុស្សៈ បានកើតឡើងក្នុងលោក។ ព្រះអង្គជាព្រះរាជបុត្រ នៃព្រះបាទជ័យសេននិងព្រះនាងសិរីមា សោយរាជ្យក្នុងនគរកោសីកៈ។ ព្រះបាទជ័យសេនទ្រងមានព្រះរាជបុត្រ៣ព្រះអង្គដែលមានព្រះមាតាទីទៃៗពីគ្នា មានបុគ្គលអ្នកថែឃ្លាំង មាននាយស្មៀនត្រួតត្រាជនបទ ព្រមទាំងពួកបរិវារជាច្រើន។ នាយស្មៀនបានសាងព្រះវិហារថ្វាយព្រះសាស្តាផុស្សៈ តាមព្រះរាជបំណងរបស់ព្រះរាជឱរសទាំង៣អង្គរបស់ព្រះអង្គ និបានយាងព្រះបាទជ័យសេនមក ដើម្បីវេរព្រះវិហារនោះ ថ្វាយព្រះសាស្តា។ ក្នុងថ្ងៃធ្វើបុណ្យឆ្លងព្រះវិហារនោះ ព្រះរាជាទ្រង់បានចំណាយទ្រព្យ ឱ្យបុគ្គលអ្នកថែរក្សាឃ្លាំង និងនាយស្មៀន ចាត់ចែងនូវខាទនីយភោជនីយាហារ ថ្វាយដល់ព្រះសាស្តាផុស្សៈ នងព្រះភិក្ខុសង្ឃ ជាសាវកចំនួន៩ម៉ឺនអង្គ អស់មួយត្រៃមាស នៅក្នុងព្រះវិហារនោះ។ អ្នកថែរក្សាឃ្លាំងនិងភរិយា នាយស្មៀននិងភរិយា ព្រមទាំងញាតិមិត្តមួយចំនួនមានចិត្តសទ្ធាជ្រះថ្លា បានថ្វាយទានដោយសេចក្តីគោរព។ ប៉ុន្តែ ពួកជនមួយចំនួនដែលត្រូវជាញាតិរបស់នាយស្មៀន ជាមនុស្សមានចិត្តលោភ បានធ្វើអន្តរាយដល់ទេយ្យទាន គឺបាននាំគ្នាបរិភោគនូវអាហារ ដែលគេដំកលទុកសម្រាបវេរប្រគេនចំពោះព្រះភិក្ខុសង្ឃនោះមុន។ លុះដល់ពួកជនទាំងនោះ បានធ្វើកាលកិរិយា ស្លាប់អំពីមនុស្សលោកយើងនេះទៅ ក៏បានទៅចាប់កំណើតក្នុងបេតវិស័យ នៅក្នុងឋាននរកគឺកើតជាពួកប្រេត ហើយបានទទួលនូវសេចក្តីទុក្ខវេទនា យ៉ាងក្រៃលែង។ ព្រោះតែកម្មផលដ៏អាក្រក់ ដែលខ្លួនបានប្រព្រឹត្តជាយូរអង្វែងនៅក្នុងបេតវិស័យនោះ។ រីឯព្រះរាជឱរសទាំង៣អង្កនិងបរិវារ ព្រមទាំងអ្នករក្សាឃ្លាំងនិងនាយស្មៀនបានទៅកើតក្នុងឋានសួគ៌។
លុះមកដល់សាសនាព្រះពុទ្ធ ព្រះនាម កកុសន្ធោ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងអស់នោះ ក៏បាននាំគ្នាទៅក្រាបទូលសួរព្រះអង្គថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! ពួកយើងខ្ញុំទាំងឡាយជាពួកប្រេតមានសេចក្តីស្រេកឃ្លាននូវចំណីអាហារខ្លាំងណាស់ ព្រោះតែអត់នូវចំណីអាហារ អស់កាលជាយូរអង្វែងមកហើយ តើដល់ពេលណាទៅ ទើបពួកយើងខ្ញុំទាំងឡាយ នឹងបានបរិភោគនូវចំណីអាហារ?”
ព្រះពុទ្ធព្រះនាមកកុសន្ធោទ្រង់បានឆ្លើយតបទៅពួកប្រេតទាំងនោះថា៖ “ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនបានទទួលនូវចំណីអាហារ ដើម្បីនឹងបរិភោគទេ ចាំទទួលសួរនឹងព្រះពុទ្ធជំនាន់ក្រោយទៀតចុះ!”
លុះដល់ផែនដីដុះបាន១យោជន៍ ទើបព្រះពុទ្ធមួយព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោកព្រះនាម កោនាគមនោ។ ពួកប្រេតទាំងនោះក៏បាននាំគ្នាចូលទៅបង្គំទូលសួរដូចពីកាលលើកមុនទៀត ព្រះពុទ្ធព្រះនាម កោនាគមនោ ទ្រង់បានឆ្លើយដូចជាព្រះពុទ្ធអង្គមុនៗនោះដែរ។
លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើបព្រះពុទ្ធមួយព្រះអង្គព្រះនា កស្សបៈ កើតឡើងក្នុងលោក។ ក្នុងគ្រានោះ ពួកប្រេតទាំងអស់ក៏ចូលទៅក្រាបបង្គំទូលសួរព្រះកស្សបៈថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! ធ្វើដូចម្តេចហ្ន៎ពួកយើងខ្ញុំគប្បីនឹងបាននូវសម្បត្តិយ៉ាងនេះ?”
ព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈក៏ទ្រង់ត្រាស់ថា៖ “ នៅក្នុងសាសនារបស់យើងនេះ ពួកអ្នកទាំងអស់គ្នា មិនអាចនឹងទទួលនូវចំណីអាហារ សម្រាប់បរិភោគបានទេ ចាំដល់សាសនារបស់ព្រះពុទ្ធព្រះនាម គោតម ជំនាន់ក្រោយ ពួកអ្នកនឹងបានបរិភោគនូវចំណីអាហារ ដែលព្រះរាជាព្រះនាម ពិម្ពិសារ ទ្រង់បានបំពេញព្រះរាជកុសល ធ្វើបុណ្យឧទ្ទិសមគ្គផល បញ្ជូនមកឱ្យពួកអ្នកទាំងឡាយ ក្នុងកាលនោះ ពួកអ្នកទាំងឡាយនឹងបានទទួលហើយ។ ចូរអ្នកទាំងឡាយរង់ចាំសួរព្រះពុទ្ធអង្គជំនាន់នោះចុះ!”
លុះដល់ផែនដីដុះបានមួយយោជន៍ទៀត ទើប ព្រះសមណគោតម គឺព្រះសម្មាម្ពុទ្ធ នៃយើងសព្វថ្ងៃនេះ ព្រះអង្គបានត្រាស់ដឹងឡើងក្នុងលោក។ ក្នុងពុទ្ធប្បាទនេះ ព្រះរាជឱរសទាំង៣ព្រះអង្គរបស់ព្រះបាទជ័យសេន បានច្យុតចុះអំពីឋានសួគ៌មកកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងទីក្រុងមគធៈ ជាជដិលឧរុវេលកស្សប ៣នាក់បងប្អូន។ បុរសអ្នកថែរក្សាឃ្លាំងបានកើតជាមហាសេដ្ឋីឈ្មោះ វិសាខៈ និងភរិយារបស់គាត់បានកើតជានាងភិក្ខុនី ធម្មទិន្នា។ រីឯនាយស្មៀនបានកើតជាស្តេចព្រះនាម ព្រះបាទពិម្ពិសារ។ បរិស័ទសេសសល់បានកើតជាបរិវាររបស់ព្រះរាជា។
កាលព្រះអង្គបានសម្រេចនូវព្រះសម្មាសម្ពោធិញាណហើយ ព្រះសមណគោតមបានប្រោសព្រះបាទពិម្ពិសារ និងពួកបរិវារជាព្រាហ្មណ៍ និងជាគហបតីទាំងឡាយ ឱ្យនូវក្នុងសោតាបត្តិផល ក្នុងឱទ្យានឈ្មោះលដ្ឋិវ័ន។ ព្រះរាជាទ្រង់សព្វព្រះទ័យអារាធនាព្រះពុទ្ធ ដើម្បីទទួលភត្តឬមហាទាន ក្នុងព្រះរាជវាំង ក្នុងថ្ងៃពេញបូណ៌មីក្រោយមកទៀ។
ប្រេតទាំងនោះ ក៏នាំគ្នាទៅបង្គំទូលសួរចំពោះព្រះសមណគោតម ហើយព្រះអង្គក៏ទ្រង់ឆ្លើយថា៖ “ នៅក្នុងសាសនារបស់តថាគតនេះ ពួកអ្នកទាងឡាយនឹងបានបរិភោគនូវចំណីអាហារហើយ គឺនៅពេលណាដែលព្រះមហាក្សត្រ ព្រះនាមពិម្ពិសារ ដែលធ្លាប់ជាញាតិសាលោហិតរបស់អ្នកទាំងឡាយ ទ្រង់បានបំពេញព្រះរាជកុសលថ្វាយទាន ចំពោះតថាគត ព្រមទាំងភិក្ខុសង្ឃ ហើយព្រះអង្គទ្រង់ឧទ្ទិស នូវព្រះរាជកុសលជូនដល់អ្នកទាំងឡាយៗនឹងបានទទួលនូវចំណីអាហារនាពេលនោះឯង។”
នៅថ្ងៃពេញបូណ៌មី ដែលព្រះបាទពិម្ពិសារ ព្រះចៅនគរមគធៈទ្រង់បានបំពេញនូវព្រះរាជកុសលថ្វាយមហាទានដល់ព្រះពុទ្ធនិងភិក្ខុសង្ឃនៅគ្រាដំបូងនោះ ព្រះរាជាទ្រង់មិនបានឧទ្ទិសនូវបុណ្យកុសលបញ្ជូនទៅឱ្យពួកប្រេតទាំអស់នោះទេ ព្រោះព្រះរាជាទ្រង់រវល់តែព្រះចិន្តា នៅទីគង់របស់ព្រះសាស្តា៖ “ តើព្រះមានព្រះភាគ គប្បីគង់នៅទីណាហ្ន៎?” ដូច្នេះហើយ ទើបទ្រង់មិនបានឧទ្ទិសនូវព្រះរាជកុសល ជូនទៅដល់ពួកប្រេតទាំងអស់នោះ។
ពួកប្រេតទាំងឡាយ ដែលព្រះបាទពិម្ពិសារ មិនបានឧទ្ទិសបញ្ជូនកុសលទៅឱ្យនោះកើតទុក្ខអស់សង្ឃឹម ក៏នាំគ្នាស្រែកទ្រហោយំយ៉ាងទ្រហ៊ឹងអឹងកង ឮសូរសម្លេងប្លែកៗខ្លាំងៗ គួរឱ្យភ័យខ្លាច់ជាទីបំផុតនៅជុំវិញព្រះបរមរាជវាំង នៅក្នុងរាត្រីកាលនោះឯង។
ព្រះបាទពិម្ពិសារទ្រង់សណ្តាប់នូវសម្លេងស្រែកទ្រហោយំគួរឱ្យភ័យខ្លាចរបស់ពួកប្រេតនោះហើយ ទ្រង់មានព្រះទ័យភ័យរន្ធត់យ៉ាងក្រៃលែង ព្រោះខ្លាចមានក្តីអន្តរាយកើតមានដល់ព្រះរូបកាយព្រះអង្គផ្ទាល់។
លុះព្រឹកឡើង ទើបស្តេចយាងចូលទៅកាន់វត្តវេឡុវ័ន ហើយក៏ក្រាបថ្វាយបង្គំទូលសួរ ចំពោះនឹងព្រះសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! នៅក្នុងរាត្រីយប់មិញនេះ ទូលព្រះបង្គំបានឮនូវសម្លេងស្រែកទ្រហោយំ យ៉ាងទ្រហ៊ឹងអឹងកង គួរឱ្យភ័យខ្លាចពន់ពេកណាស់ នៅជុំវិញព្រះរាជតំណាក់នៃទូលព្រះបង្គំ តើហេតុការណ៍អ្វី នឹងកើតមានដល់ទូលព្រះបង្គំឬ?”
គ្រានោះ ព្រះពុទ្ធទ្រង់ត្រាស់ថា៖ “ បពិត្រមហារាជ! សូមស្តេចកុំមានព្រះទ័យភ័យខ្លាចអ្វីឡើយ។ មិនមានហេតុអន្តរាយណាមួយកើតឡើងដល់ព្រះមហារាជទេ។ សម្លេងដែលស្រែកទ្រហោយំ នៅក្នុងរាត្រីយប់មិញនេះ គឺជាសូរសម្លេងនៃពួកប្រេតដែលត្រូវជាញាតិសាលោហិតរបស់ព្រះអង្គ។ ពួកប្រេតទាំងឡាយនោះ គ្នាអត់ចំណីអាហារបរិភោគរាប់កោដិរាប់លានឆ្នាំ កន្លងមកហើយ។ ពួកគេបានមកស្រែកយំ កងរំពងយ៉ាងនេះក៏ដើម្បីមកស្វែងរកនូវចំណីអាហារបរិភោគអំពីព្រះអង្គ ព្រោះថាពួកប្រេតទាំងអស់នេះនឹងបានទទួលនូវចំណីអាហារបរិភោគក្នុងសាសនារបស់តថាគតនេះហើយ។ ប៉ុន្តែកាលពីម្សិលមិញនោះ ព្រះមហារាជបានថ្វាយទានដល់តថាគត ព្រមទាំងភិក្ខុសង្ឃទាំងឡាយហើយ តែព្រះមហារាជមិនបានផ្សាយនូវព្រះរាជកុសលឧទ្ទិសផលបុណ្យបញ្ជូនទៅឱ្យពួកប្រេតទាំងអស់នោះទើបពួកគេមកស្រែកទ្រហោយំយ៉ាងខ្លាំងដូច្នេះឯង។”
ព្រះបាទពិម្ពិសារទ្រង់ព្រះសណ្តាប់យ៉ាងដូច្នេះហើយ ទើបទ្រង់ចាប់ប្រារព្ធបំពេញ នូវព្រះរាជកុសលថ្វាយទាន ដល់ព្រះពុទ្ធនិងព្រះភិក្ខុសង្ឃទាំងឡាយ សារជាថ្មីម្តងទៀត ជាគំរប់លើកទី២ មានបាយ ទឹក នំចំណី ម្ហូបអាហារ សំពត់អាវ ត្រៃចីវរ ជាដើម។ ស្តេចទ្រង់បានតាំងព្រះទ័យយ៉ាងជ្រះថ្លាបរិសុទ្ធ ផ្សាយនូវព្រះរាជកុសលផលបុណ្យ ក្នុងគ្រាទី២នេះ ឧទ្ទិសជូនដល់ពួកប្រេតទាំងអស់នោះ ដោះយព្រះកុសលចេតនាថា៖ “ ដោយកុសលផលបុណ្យទាំងឡាយ ដែលយើងបានបំពេញរួចមកហើយនេះ សូមឱ្យពួកអ្នកទាំងឡាយបានទទួលនូវកុសលផលបុណ្យរបស់យើងនោះ មួយចំណែកផង។ សូមឱ្យអ្នកទាំងឡាយបានទទួលយកនូវ បាយទឹក នំចំណី ម្ហូបអាហារ សំពត់អាវសាវស្បាយជាដើមនេះ ថាទុកដូចជារបស់នៃខ្លួន ហើយសូមឱ្យពួកអ្នកទាំងឡាយ បានបរិភោគនូវ បាយទឹក នំចំណី ម្ហូបអាហារ និងបានស្លៀកពាក់នូវសំលៀកបំពាក់ទាំងនេះ មួយចំណែកផង និងមួយចំណែកទៀត សូមឱ្យពួកអ្នកទាំងឡាយបានរួចរំដោះផុតចាកទុក្ខទោសភ័យចាកទុក្ខវេទនាទាំងឡាយទាំងពួង ហើយសូមឱ្យបានទៅកើតនៅក្នុងទីដ៏ខ្ពង់ខ្ពស់ គឺសុគតិភព តាមសេចក្តីប្រាថ្នារៀងៗខ្លួន។”
ក្នុងគ្រានោះ ព្រះសមណគោតមទ្រង់ធ្វើ នូវអនុមោទនា ដោយ តិរោកុឌ្ឌសូត្រ ថា៖ “ តិរោកុឌ្ឌេសុ តិដ្ឋន្តិ . . . . .។ល។” ប្រែថា៖ “ ពួកប្រេតទាំងឡាយមកកាន់ផ្ទះនៃញាតិ ដោយគិតថាជាផ្ទះរបស់ខ្លួនក៏ឈរនៅខាងក្រៅ ជិតជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជាបួនខ្លះនិងផ្លូវបែកជាបីទាំងឡាយខ្លះ ឈរជិតទ្វារក្រុងនិងជិតទ្វារផ្ទះទាំងឡាយខ្លះ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ភាវៈនៃញាតិ ជាគាថាទី២យ៉ាងនេះថា៖ “ កាលបើ បាយ ទឹក បង្អែមនិងចម្អាប ដ៏ច្រើនដែលពួកញាតិ ចូលទៅតាំងទុកហើយ ញាតិណាមួយមិនបាននឹករឭកដល់ប្រេតទាំងឡាយនោះទេ ព្រោះតែកម្មរបស់សត្វទាំងនោះជាបច្ច័យ។”
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាគាថាទី៣យ៉ាងនេះថា៖ “ ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះរមែងឧទ្ទិសឱ្យនូវទឹកនិងភោជនដ៏ហ្មត់ចត់ដ៏ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយ យ៉ាងដូច្នេះដែរ។”
បន្ទាប់មក ព្រះសាស្តាទ្រាង់សម្តែងអំពី ទាន ដែលព្រះរាជាទ្រង់បានប្រទានរួចហើយដល់ពួកប្រេត ជាកន្លះគាថាខាងដើមនៃព្រះគាថាទី៤យ៉ាងនេះថា៖ “ ទាននេះ ចូរបានសម្រេចដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយដល់នូវសេចក្តីសុខចុះ។”
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់ជាកន្លះគាថា ខាងចុងនៃព្រះគាថាទី៤ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៥ យ៉ាងដូច្នេះថា៖ “ ចំណែកឯពួកប្រេតដែលជាញាតិទាំងនោះមកប្រជុំគ្នាក្នុងទីដែលឱ្យទាននោះ ជាអ្នកមកល្អហើយ។ កាលបើបាយនិងទឹក ដ៏ច្រើនដែលគេឧទ្ទិសឱ្យដល់ខ្លួន គប្បីអនុមោទនាដោយគោរពចុះ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ទាយក ជាកន្លះគាថាខាងចុងនៃព្រះគាថាទី៥ និងកន្លះគាថាខាងដើមនៃព្រះគាថាទី៦ យ៉ាងដូច្នេះថា៖ “ យើងទាំងឡាយបានទទួលនូវសម្បត្តិ(ផលបុណ្យ) ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិទាំងឡាយរបស់យើងនោះរស់នៅអស់កាលជាយូរអង្វែងចុះ។ ការបូជាឈ្មោះថាពួកញាតិបានធ្វើហើយដល់ពួកយើង។ ឯទាយកគឺអ្នកឱ្យទានក៏មិនមែនជាអ្នកឥតមានផលឡើយ។”
បន្ទាប់មកទៀត ព្រះសាស្តាទ្រង់ត្រាស់នូវគាថាទី៧ រួមទាំងកន្លះគាថាខាងចុងនៃព្រះគាថាទី៦ផងយ៉ាងដូច្នេះថា៖ “ កសិកម្ម គឺការភ្ជួររាស់ក៏មិនមាននៅក្នុងភូមិ នៃប្រេតនោះ។ គោរក្ខកម្ម គឺការរក្សាគោក៏មិនមាននៅក្នុងភូមិនៃប្រេតនោះ។ ពានិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបានទទួលសម្បតិដូច្នោះក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមានដែរ។ បុគ្គទាំងឡាយដែលធ្វើកាលកិរិយាលះលោកនេះទៅហើយរមែងញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅក្នុងបេតវិស័យនោះ ដោយសារផលទាន ដែលញាតិមិត្របានឧទ្ទិសឱ្យហើយ អំពីលោកនេះ។”
បន្ទាប់មក ព្រះសាស្តាទ្រង់ប្រកាសនូវសេចក្តីដែលទ្រង់ត្រាស់រួចហើយ ដោយឧបមា២យ៉ាង ជាគាថាដូច្នេះថា៖ “ ទឹកធ្លាក់ចុះអំពីទីទួលរមែងហូរទៅកាន់ទីទំនាបដូចម្តេចមិញ ទានដែលបុគ្គលបានអោយហើយអំពីលោកនេះ រមែងសម្រេចផល ដល់ពួកប្រេតទាំងឡាយ ក៏ដូច្នោះដែរ។ ផ្លូវទឹកទាំងឡាយមានទន្លេនិងស្ទឹងជាដើម ដ៏ពេញ រមែងញ៉ាំងសាគរគឺសមុទ្រឱ្យពេញប្រៀបដូចម្តេចមិញ ទានដែលបុគ្គលបានឱ្យហើយអំពីលោកនេះ រមែងសម្រេចផលដល់ពួកប្រេតទាំងឡាយក៏ដូច្នោះដែរ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ឧបការគុណ ជាព្រះគាថាទី១០យ៉ាងនេះថា៖ “ បុគ្គលកាលបើរឭកនឹកឃើញ នូវឧបការគុណដែលញាតិមិត្រជាដើមបានធ្វើដល់ខ្លួនក្នុងកាលមុនថា អ្នកឯណោះបានឱ្យរបស់នេះដល់អាត្មាអញ អ្នកនោះឯងបានធ្វើនូវគុណនេះដល់អាត្មាអញ ជនទាំងនោះ ត្រូវជាញាតិមិត្រ ជាសម្លាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឱ្យនូវទក្ខិណាទានដល់ពួកប្រេតទាំងឡាយ។”
បន្ទាប់មក ព្រះសាស្តាទ្រង់សម្តែងអំពី ការឥតប្រយោជន៍ ជាព្រះគាថាទី១១យ៉ាងដូច្នេះថា៖ “ ការយំក្តី ការសោកសៅក្តី ឬសេចក្តីខ្សឹកខ្សួលណាដទៃក្តី បុគ្គលមិនគួរធ្វើឡើយ ព្រោះកិច្ចមានការយំស្រែកសោកសៅជាដើមនោះ មិនមានប្រយោជន៍ទៅដល់អ្នកបានស្លប់ទៅកាន់បរលោកឡើយ។ ញាតិទាំងឡាយដែលទៅកាន់បរលោកនោះ ក៏ឋិតនៅយ៉ាងនោះដដែល ឥតបានដឹងឬបានឮឡើយ។”
បន្ទាប់កម ព្រះសាស្តាទ្រង់សម្តែងអំពី ភាពនៃទក្ខិណា ដែលព្រះរាជាទ្រង់បានប្រទានហើយ ជាទានមានប្រយោជន៍ ដោយព្រះគាថាទី១២យ៉ាងនេះថា៖ “ លុះត្រាតែទក្ខិណាទាន ដែលបុគ្គលបានឱ្យហើយនេះឯង ជាទានបានដម្កល់ទុកដ៏ល្អប្រពៃហើយ ក្នុងព្រះសង្ឃ ទើបបានសម្រេចផលដោយរួសរាន់ ដើម្បីជាប្រយោជន៍ដល់ញាតិ(ពួកប្រេត)ទាំងឡាយនោះ អស់កាលជាយូរអង្វែង។”
កាលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សរសើរព្រះរាជា ដោយគុណតាមសេចក្តីពិត រួចស្រេចហើយ ទើបព្រះអង្គត្រាស់ជាព្រះគាថាទីបញ្ចប់(ទី១៣) យ៉ាងដូច្នេះថា៖ “ ញាតិធម៌នោះឈ្មោះថាព្រះមហាបពិត្រ(ព្រះបាទពិម្ពិសារ) ទ្រង់បានសម្តែង ជាបែបយ៉ាងហើយ។ ការបូជា ដ៏ថ្លៃថ្លាចំពោះពួកប្រេតទាំងឡាយ ឈ្មោះថាព្រះអង្គបានធ្វើឱ្យរួចហើយ។ កម្លាំងកាយនៃព្រះភិក្ខុសង្ឃទាំងឡាយ ឈ្មោះថាព្រះអង្គបានបំពេញឱ្យហើយ។ បុណ្យដ៏ច្រើន ក៏ព្រោះមហារាជបានសន្សំទុកហើយ។”
ដោយអំណាចនៃកុសលផលបុណ្យ ដែលព្រះបាតពិម្ពិសារទ្រង់បានឧទ្ទិសផ្សាយ ទៅឱ្យពួកប្រេតទាំងឡាយ នៅក្នុងឱកាសនោះ ក៏បានទទួល នូវផលបុណ្យនោះភ្លាមមួយរំពេច ហើយបានរួចចាកផុតអំពីសេចក្តីស្រេកឃ្លាន និងសេចក្តីទុក្ខទោសផ្សេងៗ បានទាំងទៅកើតក្នុងសុគតិភព ដែលជាឋានប្រកបនូវសេចក្តីសុខ សេចក្តីចំរើនគ្រប់យ៉ាង។
ពេលដែលព្រះសាស្តាទ្រង់បញ្ចប់ព្រះធម៌ទេសនា ដោយព្រះគាថាជាយ៉ាងនេះ មនុស្ស៨ម៉ឺន៤ពាន់នាក់ កើតមានសេចក្តីសង្វេគ ព្រោះការពណ៌នានូវទោសនៃការកើតក្នុងបេតវិស័យ ហើយក៏នាំគ្នាប្រារព្ធសេចក្តីព្យាយាម រហូតបានសម្រេចធម៌គ្រប់ៗគ្នា។
ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០
បុណ្យកឋិនទាន
ពាក្យថា “ កឋិន” ជាភាសាបាលី សំដៅយកក្របក្តារ ដែលភិក្ខុសង្ឃសម័យបូរាណឥណ្ឌា ប្រើសម្រាប់ដេរសំពត់ឆ្វើជាស្បង់ចីវរ ។ សំពត់ ដែលបានរៀបចំតាក់តែងឡើងនោះ មានឈ្មោះថា “ សំពត់កឋិន “ ។បើតាមអដ្ឋកថា សំដៅយកពុទ្ធដីកាដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាៈ កឋិន គឺការប្រជុំរួបរួម រូបធម៌និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺ៖១• “ រស់បានដោយកម្រ “ សមដូចវិគ្គហៈថា “ កថតិ កិច្ឆេន ជីវតីតិ កឋិនោ។“ ប្រែថា “ សភាវឯណារស់នៅបានដោយកម្រ សភាវនោះហៅថា កឋិន” ។ ព្រោះលោកប្រៀបប្រដូចជាឈើស្នឹងដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះ ភ្ជាប់នឹងដី រមែងដុះលូតលាស់ឬរស់នៅដោយកម្រយ៉ាងណា ឯកិច្ចដែលនឹងកើតឡើង ឬក៏តាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ ក៏យ៉ាងនោះដែរ ។
២. “ ពោលសរសើរ ” ព្រោះចីវរទាន ដែលយើងបានកសាងជាកឋិននោះ ជាទានពិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយ មានព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសើរថា ជាទានវិសេស អាចរួបរួមឬសង្គ្រោះ នូវអានិសង្ស៥យ៉ាង របស់ភិក្ខុអ្នកក្រាលគ្រង មិនអោយទៅគ្រងនៅទីដទៃបាន សមដូចវិគ្គហៈថា “ បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កថិតិ សង្គណ្ហាតីតិ កឋិនំ ។” ប្រែថា “ ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥ មិនអោយទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា “ កឋិន ។“
កឋិន នេះ អាចអោយសម្រេចផលដល់បុគ្គលទាំងពីរផ្នែក គឺ៖
(១). ទាយក ឬ ទាយិកា ដែលជាអ្នកអោយ ត្រូវបានទទួលអានិសង្សច្រើន បានទទួលផលច្រើន ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិ ក្នុងឋានទេវលោកជាដើម។
(២). បដិគាហកៈ ដែលជាភិក្ខុអ្នកក្រាលគ្រងកឋិន ឬបុគ្គល ឬគណៈ ឬសង្ឃ ដែលបានអនុមោទនា ក៏ត្រូវបានសម្រេចនូវអានិសង្ស៥យ៉ាង ពេញលេញគ្រប់ក្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។
ពិធីដែលទាយកនិងទាយិកានាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា អស់មួយត្រៃមាស(៣ខែ) ក្នុងអវាស(វត្ត)ណាមួយ ក្នុងកំណត់២៩ថ្ងៃ(ចាប់តាំងពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើតពេញបូណ៌មី ខែកក្តឹក) អោយលោកក្រាលគ្រង មាន ឈ្មោះថា “ បុណ្យកឋិន ” ឬ “ កឋិនទាន “ ។
ចីវរកឋិន មិនខុសគ្នាអំពីចីវរទាន ដទៃទៀតទេ គ្រាន់តែការធ្វើបុណ្យកឋិនចីវរ មានកំណត់កាលបរិច្ឆេទច្បាស់លាស់ និងមានប្រជាប្រិយភាពច្រើន ដែលហៅថា “ កាលទាន”។ បុណ្យកឋិនមានលក្ខណៈប្លែក៥យ៉ាង អំពីបុណ្យផ្សេងៗ និងក្លាយជាបុណ្យដ៏មានសារៈសំខាននៅក្នុងវត្តពុទ្ធសាសនា និងនៅក្នុងចំណោមពុទ្ធបរិស័ទទូទៅ ។
លក្ខណៈប្លែក៥យ៉ាងនោះគឺ៖
១. ប្លែកដោយកាល
ព្រះពុទ្ធទ្រង់អនុញាតកឋិនកាល មានតែចំនួន២៩ថ្ងៃ គឺៈ ១៤ថ្ងៃក្នុងខែអស្សុជ(កំណត់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោចឬខែដាច់) និង១៥ថ្ងៃក្នុងខែកក្តឹក (កំណត់ពីថ្ងៃ១កើត ដល់ថ្ងៃ១៥កើត ពេញបូណ៌មី)។ រយៈពេលនេះ ហៅតាមពាក្យសាមញថា “ រដូវកឋិន “ ។ បុណ្យកឋិនធ្វើបានតែម្តងគត់ ក្នុងមួយឆ្នាំ សាំរាប់វត្តមួយ និងត្រូវធ្វើតាមពេលកំណត់ មិន មានមុន និង មិនមានក្រោយ។ ភិក្ខុអាចទទួលសំពត់កឋិនបាន តែមួយដងគត់ក្នុងមួយរដូវកឋិន។
២. ប្លែកដោយវត្ថុ
សំពត់ដែលជាអង្គកឋិន នោះមានៈ ស្បង់ ចីវរ និងសង្ឃាដី ដេលបានធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ។ យោងតាមវិន័យបញ្ញត្តិ ទោះបីជាទាយកឬទាយិកា នាំសំពត់មួយត្រៃមកប្រគេនភិក្ខុសង្ឃ ក៏ភិក្ខុសង្ឃអ្នកក្រាលគ្រង លោករើសយកតែមួយមុខ មកធ្វើជាអង្គកឋិន។ តាមធម្មតាភិក្ខុច្រើនតែរើសយកសង្ឃាដីធ្វើជាអង្គកឋិន ពីព្រោះសង្ឃាដីជាសំពត់ធំជាងគេបង្អស់ ក្នុងត្រៃចីវរ ហើយអាចប្រើសម្រាប់ដណ្តប់ដូចជាភួយ នៅពេលរងា ក៏បាន។
៣. ប្លែកដោយអំពើ
តាមទំនៀមទម្លាប់ ពុទ្ធបរិស័ទតែងតែមានជំនឿថា ការធ្វើបុណ្យចំពោះភិក្ខុមួយអង្គៗ ពុំសូវមានអានិសង្សច្រើន ដូចជាធ្វើនឹង សង្ឃ ទេ ( សង្ឃ សំដៅយកភិក្ខុ ចំនួនពី៤អង្គឡើងទៅ)។ យោងតាមវិន័យបញ្ញត្តិ អង្គកឋិនអាចវេរប្រគានចំពោះសង្ឃ យ៉ាងហោចណាស់ ក៏មានវត្តមានភិក្ខុ៥អង្គដែរ ដើម្បីអោយកើតជាកឋិនពេញលក្ខណៈបាន។
៤. ប្លែកដោយបដិគ្គាហកៈ (ដោយអ្នកទទួល)មានតែភិក្ខុទេ ដែលអាចទទួលសំពត់កឋិនបាន ( រីឯសាមណេរនិងអ្នកដទៃទទួលពុំបាន )។ ភិក្ខុនោះត្រូវតែគង់ចាំវស្សាគម្រប់៣ខែ ក្នុងវត្តឬអាវាសណាមួយ។ ភិក្ខុមិនបានគង់ចាំវស្សាគ្មានសិទ្ធិទទួលអង្គកឋិនទេ។
៥. ប្លែកដោយអានិសង្ស
នៅក្នុងការធ្វើបុណ្យកឋិន ទាយកនិងទាយិកា តែងទទួលបានអានិសង្សច្រើន។ យោងតាមវិន័យបិដក ភាគ៨ ត្រង់កឋិនក្ខន្ធកៈ ភិក្ខុសង្ឃដែលជាអ្នកអនុមោទនា និងក្រាលគ្រងកឋិន ត្រូវបានទទួលអានិសង្ស៥យ៉ាង ក្នុងរយៈពេល៥ខែ។ អានិសង្ស៥យ៉ាងនោះគឺៈ
(១). អនាមន្តចារោ : ភិក្ខុត្រាចទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាបាន និងមិនមានទោស(ត្រូវអាបត្តិ)ឡើយ។
(២). អសមាទានចារោ : ភិក្ខុត្រាច់ទៅដោយមិនបាច់យកសំពត់ណាមួយ ឬត្រៃចីវរគ្រប់ប្រដាប់ ជាប់ជាមួយបាន។
(៣). គណភោជនំ : ភិក្ខុអាចឆាន់គណភោជនបាន។
(៤). យាវទត្ថចីវរំ : ភិក្ខុអាចទុកអតិរេកចីវរ (ចីវរដែលលើសអំពីសេចក្តីត្រូវការ) ចំនួនប៉ុន្មានក៏បាន។
(៥). យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ : ចីវរណាកើតឡើងក្នុងអាវាសនោះ ចីវរនោះនិងមានដល់ភិក្ខុនោះ។
វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែងអំពីប្រភពនៃបុណ្យកឋិនថាៈ “ នៅក្នុងសម័យពុទ្ធកាល ព្រះសម្ពទ្ធជាម្ចាស់ ទ្រងពុទ្ធានុញ្ញត្តិឱ្យភិក្ខុប្រើប្រាសតែបង្សុកូលចីវរ ទ្រង់ពុំទាន់បានអនុញត ឱ្យប្រើគហបតីចីវរ នៅឡើយ។
សម័យមួយនោះ នៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះពុទ្ធកំពុងគង់ចាំព្រះវស្សា ក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយ នៅទៀបក្រុងសាវត្ថី។ គ្រានោះ មានភិក្ខុ៣០រូប ឈ្មោះថា “ ភទ្ទវគ្កិយត្ថេរ “ ក្នុងដែនបាថេយ្យ ជាអ្នកប្រព្រឹត្តធម៏នៅក្នុងព្រៃ។ល។ បាននាំគ្នាចេញអំពីទីនោះ មកកាន់ក្រុងសាវត្ថី ដើម្បីចូលគាល់បំរើព្រះដ៏មានព្រះភាគ។ ប៉ុន្តែ ភិក្ខុទាំងអស់ បានមកដល់តែត្រឹមសាកេត(ភូមិមួយជាប់នឹងទីក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់ និងស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរ ស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ នាពាក់កណ្តាលផ្លូវនោះតែម្តងទៅ។ ភិក្ខុសង្ឃទាំង៣០រូបមានសេចក្តីអផ្សុក កើតទុក្ខតូចព្រះទ័យជាខ្លាំង ដោយគិតឃើញថាព្រះដ៏មានព្រះភាគទ្រង់គង់នៅទីនោះ ចម្ងាយតែ៦យោជន៍ទៀតសោះមិនសមយើងទាំងឡាយស្កុនដំណើរ មិនបានគាល់បំរើព្រះអង្គដូចបំណងសោះ។
លុះដល់ថ្ងៃចេញវស្សា បវរណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលទៅកាន់ក្រុងសាវត្ថី។ នៅទីនោះ ភិក្ខុសង្ឃទាំងអស់បានចូលធ្វើសាវនាការជាមួយនឹងព្រះពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក។
ព្រះមានព្រះភាគទ្រង់មានបន្ទូលរាក់ទាក់ទៅកាន់ភិក្ខុទាំងនោះថា៖ “ ម្នាលភិក្ខុទាំងឡាយ! សរីរយន្តរបស់អ្នកទាំងឡាយល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំឡាយមានសេចក្តីព្រមព្រៀងស្មោះស្មើ អត់មានវិវាទទាស់ទែងគ្នា ទេឬ? អ្នកទាំងឡាយនៅចាំវស្សាសោត ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាត ទេឬ?
ភិក្ខុទាំងឡាយនោះ ក៏ក្រាបបង្គំទូល នូវសេចក្តីលំបាករបស់ខ្លួនដែលមានមកតាមផ្លូវ ដោយសព្វគ្រប់តាមដំណើរ។
លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់សំដែងធម្មីកថា ប្រារពអំពីសង្សារវដ្តមិនមានទីបំផុត ប្រោសប្រទានដល់ភិក្ខុទាំងនោះ។ លុះចប់ធម៌ហើយ ភិក្ខុទាំងអស់នោះ បានជាអរហន្តទាំងអស់អង្គ រួចហើយក៏នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធ វិលទៅកាន់លំនៅរបស់ខ្លួនវិញ។
បន្ទាប់អំពីនោះមក ព្រះមានព្រះភាគទ្រង់ព្រះតម្រិះថា បើប្រសិនជាតថាគតបានតែងតាំងកឋិនត្ថារកិច្ច ទុកពីគ្រាមុន ម្លេះសមភិក្ខុទាំងឡាយនោះបានលះចីវរមួយទុកនៅទីកន្លែង ជាប់មកតែស្បង់ចីវរតែប៉ុណ្ណោះ មានអត្ថភាពស្រាលមិនលំបាកយ៉ាងនេះសោះឡើយ។ ហើយកឋិនត្ថារកិច្ចនេះ ព្រះពុទ្ធរាល់ព្រះអង្គ ក៏តែងអនុញ្ញាតទុកដល់សាវក ពុំដែលលះបង់ផង។ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះដូច្នេះហើយ ទើបទ្រង់ហៅភិក្ខុទាំងឡាយមក រួចហើយក៏ទ្រង់អនុញ្ញាតកថិនត្ថារកិច្ច ដោយព្រះពុទ្ធដីកាថា៖ “ អនុជានាមិ ភក្ខវេ វស្សំ វុដ្ឋានំ ភិក្ខុនំ កឋិនំ។ អត្ថរិតុំ អត្ថតំ កឋិនទានំ វោ ភក្ខវេ បញ្ច កប្បិស្សន្តិ។ “ ប្រែថា “ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលបាននៅចាំវស្សារួចហើយ ទទួលក្រាលគ្រងកឋិន។ ម្នាលភិក្ខុទាំងឡាយ! កាលបើភិក្ខុទាំងឡាយ បានក្រាលគ្រងកឋិនហើយ នឹងបានសម្រេចអានិសង្ស៥ប្រការ។”
បន្ទាប់មក ព្រះសម្ពុទ្ធទ្រង់ពុទ្ធានុញ្ញាត ឱ្យភិក្ខុទទួលស្បង់អំពីពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ១រោចខែអស្សុជ រហូតដល់ថ្ងៃ១៥កើតពេញបូណ៌មី ខែកក្តឹក(រវាងពាក់កណ្តាលខេតុលា រហូតដល់ពាក់កណ្តាលខេវិច្ឆកា)។ ព្រះដ៏មានព្រះភាគទ្រង់ព្រះមេត្តាប្រោសអនុញ្ញាត ភិក្ខុសង្ឃដែលអនុមោទនា និងក្រាលគ្រង កឋិននោះ បាននូវអានិសង្ស៥ប្រការ។ ជនមានសទ្ធា ដែលបានធ្វើកឋិនទាន ឈ្មោះថា ជាអ្នកបានគោរពនូវព្រះពុទ្ធដីកាដែលទ្រង់បានអនុញ្ញាតអោយភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរចំពោះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់មួយត្រៃមាសនោះផង និងជាអ្នកតអាយុព្រះពុទ្ធសាសនាអស់កាលជាយូរអង្វែងទៅផង។
ព្រះសម្ពុទ្ធទ្រង់សំដែងថា៖ “ សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ។ “ ប្រែថា “ ជនដ៏មានប្រាជ្ញា(ណាមួយ) បានធ្វើនូវសេចក្តីសុខស្រួល(ដល់អ្នកដទៃ) ជននោះឯង រមែងបានជួបប្រទះនឹងសេចក្តីសុខស្រួល(ជាពិតប្រាកដពុំខានឡើយ)។ “ សេចក្តីអធិប្បាយយ៉ងនេះថា៖ ជនណាបានធ្វើកឋិនទាន ដែលនាំអោយព្រះភិក្ខុសង្ឃ បានអានិសង្ស៥យ៉ាង ក្នុងរវាង៥ខែ បានឈ្មោះថា ជាអ្នកអោយសេចក្តីសុខស្រួលដល់អ្នកដទៃ នៅក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងតែបានសុខ ក្នុងមនុស្សលោកនិងទេវលោក ក្នុងពេលអនាគត។
ដោយអំណាចផលានិសង្សនៃកឋិនទាននោះ ក្នុងអនាគតកាលជននោះនឹងបានជាឯហិភិក្ខុឬឯហិភិក្ខុនី ដេលមានត្រៃចីវរកើតឡើងឯកឯង ដោយឫទ្ធិ នៅពេលបព្វជ្ជាជាបព្វជិតក្នុងសាសនាព្រះពុទ្ធអង្គណាមួយ ហើយក៏នឹងបានសំរេចមគ្គផល និព្វានក្នុងពេលបច្ចុប្បន្ននោះ ជាពិតប្រាកដពុំខានឡើយ។
តាំងពីពេលនោះមក បុណ្យកឋិនបានក្លាយជាបុណ្យទំនៀមមួយរបស់ពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេចក្តីត្រូវការស្បង់ចីវរដ៏វិសេសនេះ។
វេលារាត្រី មុនថ្ងៃបុណ្យកឋិន ទាយក-ទាយិកាម្ចាស់ដើមបុណ្យនិងញាតិមិត្ត នាំគ្នា យកត្រៃចីវរ និងគ្រឿងបរិក្ខារផ្សេងៗ ទៅកាន់ទីវត្តដែលគេបានទាក់ទងស្និទ្ធស្នាល រួចមកហើយ និងធ្វើកុសលខ្លះៗដូចជាៈ ថ្វាយបង្គំព្រះរតនត្រ័យ អារធនាព្រះសង្ឃចំរើនព្រះបរិត និងស្តាប់ព្រះសង្ឃសំដែងធម្មទេសនា(ស្តីអំពីអានិសង្សកឋិន)។
លុះព្រឹកស្អែកឡើង ទាយក-ទាយិកា និងពុទ្ធបរិស័ទ ម្ចាស់ដើមបុណ្យនាំគ្នាទៅកាន់វត្តម្តងទៀត។ គេប្រារព្ធពិធីថ្វាយបង្គំព្រះរតនត្រ័យសមាទានសីល៥ ឬសីល៨ ដាក់បាត្របង្សុកូល និងវេរភត្តប្រគេនព្រះសង្ឃ។
បន្ទាប់ពីថ្ងៃត្រង់ ទាយកទាយិកា ម្ចាស់ដើមបុណ្យនិងញាតិមិត្ត នាំគ្នាទូលពានត្រៃចីវរ និងកាន់ទ្រនូវគ្រឿងបរិក្ខារជាបរិវារកឋិនផ្សេងៗ ដើរប្រទក្សិណព័ទ្ធជុំវិញរោងឧបោសថ(ឬព្រះវិហារ) ចំនួន៣ជុំ។ អ្នកទាំងអស់ត្រូវបាននាំមុខដោយក្រុមភ្លេងកំប្លែងឆៃយ៉ាំ និងភិក្ខុសង្ឃសូត្រធម៌ ព្រមទាំងមានពុទ្ធបរិស័ទទាំងហ្វូងដង្ហែតាមពីខាងក្រោយ។
បន្ទាប់មក ត្រៃចីវរ និងគ្រឿងបរិក្ខារជាបរិវារកឋិន ត្រូវបានវេរប្រគេនចំពោះភិក្ខុសង្ឃ ដោយអនុលោមតាមក្បួននិងទម្រង់ការដែលបានបញ្ញត្តិទុកមក។
ពេលពិធីវេរអង្គកឋិនបានចប់សព្វគ្រប់ហើយ គឺជានាទីរបស់សង្ឃដើម្បីជួបជុំសារជាថ្មីឡើងវិញ នៅក្នុងរោងឧបោសថឬព្រះវិហារ និងដើម្បីប្រារព្ធពិធីឆ្លងកឋិនទាន(សម្ពោធកឋិន) ទៅតាមវិន័យបញ្ញត្តិ។
តាមធម្មតា គ្រូចៅអធិការឬថេរភិក្ខុ នៅក្នុងវត្តត្រូវធ្វើសំណូមពរអោយមានភិក្ខុមួយរូប ជាតំណាងសង្ឃ ដើម្បីអនុមោទនានិងក្រាលគ្រងអង្គកឋិន។ ជាយថាហេតុ ភិក្ខុអង្គណាដែលមានស្បង់ចីវររហែកដាចនិងត្រូវជ្រើសរើសឡើង។ រោងឧបោសថ ឬ ព្រះវិហារ គឺជាកន្លែងសម្រាប់ធ្វើសង្ឃកម្មពិសេស(សម្ពោធកឋិន)នេះ។ ពិធីនេះ ដោយឡែកសម្រាប់តែសង្ឃ ពួកគ្រហស្ថមិនអាចចូលរួមជាមួយបានឡើយ។
ពុទ្ធបរិស័ទមានជុំនឿថា ការធ្វើបុណ្យកឋិន នៅវត្តដែលមានព្រះវិហារបញ្ចុះសីមារួចហើយ ទើបបានអានិសង្សច្រើន។
នៅប្រទេសខ្មែរ បុណ្យកឋិន គឺជាបុណ្យសប្បាយអឹកធឹក មានពណ៌ចំរុះឆើតឆាយមានទិដ្ឋភាពជាបុណ្យពុទ្ធសាសនាយ៉ាងមហោឡារឹក។
ជាការពិតណាស់ បុណ្យកឋិន គឺជាឱកាសមួយ សម្រាប់បណ្តុះបណ្តាលអំពើល្អ និងគុណធម៌ នៅក្នុងដួងចិត្តយើងគ្រប់ៗគ្នា។
ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០
បុណ្យបច្ច័យបួន
ពាក្យថា (បច្ច័យ) សំដៅដល់ “គ្រឿងសម្រាប់អាស្រ័យរបស់បព្វជិត” ។
អ្វីទៅដែលហៅថា (បច្ច័យ) គ្រឿងអាស្រ័យរបស់បព្វជិត? បើជាទូទៅ
អ្វីទៅដែលហៅថា (បច្ច័យ) គ្រឿងអាស្រ័យរបស់បព្វជិត? បើជាទូទៅ
ហៅថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើប្រាស់
បម្រើសុខភាព ជួយជាកម្លាំង បម្រើតម្រូវការ សេចក្ដីប្រាថ្នាចង់បានរបស់
នុស្សទូទៅ ។
តាមន័យនេះ អាមិស បានដល់វត្ថុគ្រប់យ៉ាង សម្រាប់ទំនុកបម្រុង ឧបត្ថម្ភ
តាមន័យនេះ អាមិស បានដល់វត្ថុគ្រប់យ៉ាង សម្រាប់ទំនុកបម្រុង ឧបត្ថម្ភ
ជីវិតមនុស្សឲ្យរស់នៅបានសុខស្រួល ឈានទៅរុងរឿងថ្លៃថ្លា ។ ដូចជា
សំពត់ខោអាវ សំលៀកបំពាក់សម្រាប់បិទបាំង កែលំអររាងកាយ អាហារ
ភោជន គ្រប់ប្រភេទសម្រាប់ហូបពិសា សម្ភារៈ ភស្តុភា បណ្ណាការ ទ្រព្យសម្បត្តិសម្រាប់សំរួលការដេកដើរ អង្គុយ សម្រាកស្នាក់អាស្រ័យនិង
ថ្នាំកែរោគគ្រប់មុខ ។ ជារួម អ្វី ៗ ជាវត្ថុ សម្ភារៈ របស់របរ ប្រដាប់ប្រដា
គ្រឿងបរិភោគ ប្រើប្រាស់របស់មនុស្ស សម្រាប់ជួយផ្ដល់ការសុខស្រួល
ឲ្យកើតជាផលប្រយោជន៍ ផ្គត់ផ្គងជីវិត ប្រមូលផ្ដុំវត្ថុរួមទាំងអស់នោះ លោក
ហៅជា ពាក្យបច្ចេកទេសតែមួយថា អាមិស ។
អាមិស ជាវត្ថុជួយមនុស្សឲ្យរស់នៅបានស្រួល ជួយផ្ដល់ផលប្រយោជន៍ឲ្យ
អាមិស ជាវត្ថុជួយមនុស្សឲ្យរស់នៅបានស្រួល ជួយផ្ដល់ផលប្រយោជន៍ឲ្យ
មនុស្សមានអានុភាព មានអានិសង្សច្រើនសម្រាប់ការរស់នៅ ។
ព្រះពុទ្ធសាសនា ព្រះពូទ្ធអង្គទ្រង់ឆ្វេងយល់ច្បាស់នូផលប្រយោជន៍នៃអាមិស
ព្រះពុទ្ធសាសនា ព្រះពូទ្ធអង្គទ្រង់ឆ្វេងយល់ច្បាស់នូផលប្រយោជន៍នៃអាមិស
ទើបទ្រង់អនុញាតឲ្យបព្វជិតបរិភោគ ប្រើប្រាស់អាមិស តាមការគួរ ។ ក្រៅពី
បង្សុកុលចីវរ ដើរបិណ្ឌបាត ដេកនៅក្រោមដើមឈើ ផឹកថ្នាំមូតភេសជ្ជៈ ព្រះ
អង្គអនុញាតឲ្យប្រើ អតិរេកលាភ បាន ដើម្បីជួយសម្រួលជីវភាពភិក្ខុសង្ឃ
ឲ្យប្រព្រឹត្តទៅបានស្រួល ។ តែព្រះអង្គមិនទ្រង់ហៅថា អាមិស ទេ ទ្រង់ហៅ
ថា “បច្ច័យ” ។ ព្រោះបច្ច័យជាគ្រឿងបន្តជីវិតឬជំនួយជីវិតមនុស្សឲ្យប្រព្រឹត្ត
ទៅបានស្រួល ។ ពិសេស បច្ច័យអាចផ្ដល់ផលប្រយោជន៍ ដ៏សំខាន់ដល់
មត្តញ្ញូជន អ្នកស្គាល់្រមាណក្នុងការបរិភោគប្រើប្រាស់ ។ មនុស្សយើងបើមិនមានបច្ច័យទាំងអស់ជាជំនួយទេ នឹងរស់នៅពុំបាន ធ្វើ
ប្រយោជន៍អ្វីក៏ពុំកើតដែរ ។
បច្ច័យដ៏ច្រើនសន្ធឹកសន្ធាប់នោះ ប្រមូលមកហៅត្រឹមតែ ៤ បច្ច័យគឺ ចិវរប្បច្ច័យ
បច្ច័យដ៏ច្រើនសន្ធឹកសន្ធាប់នោះ ប្រមូលមកហៅត្រឹមតែ ៤ បច្ច័យគឺ ចិវរប្បច្ច័យ
១ បិណ្ឌបាតប្បច្ច័យ១ សេនាសនប្បច្ប័យ ១ និងគិលានភេសជ្ជប្បច្ច័យ ១ ។
ជាការពិត ការរស់នៅបើមានតែបច្ច័យ៣ ខ្វះបច្ច័យណាមួយក៏រស់នៅមិនស្រួល ។
១. សំពត់ខោអាវសាវស្បៃ ជាសម្លៀកបំពាក់ គ្រឿងសម្លៀកដណ្ដប់បិទបាំង
ជាការពិត ការរស់នៅបើមានតែបច្ច័យ៣ ខ្វះបច្ច័យណាមួយក៏រស់នៅមិនស្រួល ។
១. សំពត់ខោអាវសាវស្បៃ ជាសម្លៀកបំពាក់ គ្រឿងសម្លៀកដណ្ដប់បិទបាំង
រាងកាយ
ការពារ កេរ្តិ៍ខ្មាស់ជាដើម មានស្បង់ ចីពរ សង្ឃាដី និងបរិក្ខាបន្ទាប់បន្សំ
ដូចអង្សាក់វត្ថពន្ធកាយពន្ធនិសីទនៈ សាដក កន្សែង .....ជាដើមរាប់បញ្ចូលជា
ចីវរប្បច្ច័យ
២. គ្រឿងបរិភោគ ហូប ពិសា ឆាន់ មានអាហារភោជន នំនែក បង្អែម ចំអាប
២. គ្រឿងបរិភោគ ហូប ពិសា ឆាន់ មានអាហារភោជន នំនែក បង្អែម ចំអាប
បាយ សម្ល ត្រី សាច់ ប្រហុក ផ្អក អំបិល ... ជាដើម រាប់បញ្ចូលជាបិណ្ឌ
បាតប្បច្ច័យ ។
៣. ទីលំនៅភូមិស្ថានសម្រាប់ជ្រកកោន ដេកអង្គុយ ស្នាក់អាស្រ័យ ថ្ងៃយប់មាន
៣. ទីលំនៅភូមិស្ថានសម្រាប់ជ្រកកោន ដេកអង្គុយ ស្នាក់អាស្រ័យ ថ្ងៃយប់មាន
ផ្ទះសម្បែង កុដិ សាលា កន្ទេល ខ្នើយ វិហារ គ្រែ តុ ទូ កៅអី ឆ្នាំងចាន ស្លាប
ព្រា បាត្រ...ជាដើម រាប់បញ្ចូលហៅថាសេនាសនប្បច្ច័យ ។
ថ្នាំសង្កូវ កែរោគ ការពារ ព្យាបាលជម្ងឺដម្កាត់ផ្សេង ៗ មាន ថ្នាំបូរាណ ឱសថ
ថ្នាំសង្កូវ កែរោគ ការពារ ព្យាបាលជម្ងឺដម្កាត់ផ្សេង ៗ មាន ថ្នាំបូរាណ ឱសថ
សម័យ សម្រាប់ផឹកលាប ចាក់ ភេសជ្ជៈ ៥ មុខជាដើម មានទឹកដោះរាវ ទឹក
ដោះខាប់ ប្រេងស្ក ទឹកឃ្មុំ និងទឹកអដ្ឋបានជាដើម រាប់បញ្ចូលហៅថា
គិលានភេសជ្ជប្បច្ច័យ ។
ប៉ុន្តែ បច្ច័យគ្រប់យ៉ាងដែលរាប់បញ្ចូលតាមឈ្មោះតែ ៤ បច្ច័យនេះ ជាបច្ច័យ
ប៉ុន្តែ បច្ច័យគ្រប់យ៉ាងដែលរាប់បញ្ចូលតាមឈ្មោះតែ ៤ បច្ច័យនេះ ជាបច្ច័យ
(អាមិសវត្ថុ) សម្រាប់មនុស្សទូទៅ ចំពោះបព្វជិតក្នុងពុទ្ធសាសនា ព្រះអង្គ
ទ្រង់អនុញាតឲ្យបរិភោគ ប្រើប្រាស់បច្ច័យ ដែលជាគ្រឿងអាស្រ័យរបស់
បព្វជិតនោះដោយមានកំណត់” ។
ម្យ៉ាងទៀត បច្ច័យ ៤ ដែលមានកំណត់នោះ បព្វជិតមុននឹងបរិភោគប្រើ
ម្យ៉ាងទៀត បច្ច័យ ៤ ដែលមានកំណត់នោះ បព្វជិតមុននឹងបរិភោគប្រើ
ប្រាស់នូវបច្ច័យណាមួយ ដែលទ្រង់បានអនុញ្ញាត សុទ្ធតែត្រូវពិចារណា
ដោយសតិសម្បជ្ជញ្ញៈសិន សឹមបរិភោគប្រើប្រាស់ ។ ការរៀបរាប់ដោយ
សង្ខេបមកប៉ុណ្ណេះឯង ដែលនឹងឆ្លើយតបទៅនឹងសំណួរដែលសួរខាង
ដើមថា “អ្វីទៅដែលហៅថា បច្ច័យ គ្រឿងអាស្រ័យរបស់បព្វជិតនោះឯង “ ។
ពាក្យថា “បុណ្យបច្ច័យបួន” គឺជាឈ្មោះ បុញ្ញកម្ម មួយបែបដែលបូរាណា
ពាក្យថា “បុណ្យបច្ច័យបួន” គឺជាឈ្មោះ បុញ្ញកម្ម មួយបែបដែលបូរាណា
ចារ្យខ្មែរយើងបានសន្មតហៅ តាមបច្ច័យទេយ្យវត្ថុដែលគេធ្វើទាន ដោយ
រៀបខ្ចប់បច្ច័យទាំងបួនមុខ ក្នុងមួយកញ្ចប់ ៗសម្រាប់ជាទេយ្យទាន ។
តើបុណ្យបច្ច័យបួន ទាយកទាយិកា ត្រូវធ្វើដូចម្ដេច ? មុននឹងធ្វើបុណ្យ
តើបុណ្យបច្ច័យបួន ទាយកទាយិកា ត្រូវធ្វើដូចម្ដេច ? មុននឹងធ្វើបុណ្យ
លោកអ្នកម្ចាស់ដើមបុណ្យ ឬម្ចាស់ដើមទានប្រធានបុណ្យ តែងប្រជុំ
ពិភាក្សាគ្នា ថា តើត្រូវនិមន្តលោកប៉ុន្មានអង្គ ? និមន្តលោក ១អង្គ ២អង្គ -
៣ឬ៤អង្គឬ៥-៦-៧អង្គ ។លោកអ្នកអាចនិមន្តលោកមកទទួលក្នុងបុណ្យ
ប៉ុន្មានអង្គក៏បាន អាស្រ័យ បសាទសទ្ធា និងលទ្ធភាពរបស់ទាយកទាយិកា
ម្ចាស់បុណ្យ ។
បើយើងតម្រូវនិមន្តលោក ២អង្គ យើងរៀបទេយ្យវត្ថុ ២កញ្ចប់ និមន្ត ៣អង្គ
បើយើងតម្រូវនិមន្តលោក ២អង្គ យើងរៀបទេយ្យវត្ថុ ២កញ្ចប់ និមន្ត ៣អង្គ
រៀបទេយ្យវត្ថុ៣កញ្ចប់ និមន្ត ៤អង្គ រៀប ៤កញ្ចប់ បើមានសទ្ធានិមន្ត ៧អង្គ
គប្បីរៀបទេយ្យវត្ថុ ៧ កញ្ចប់ គឺត្រូវរៀបទេយ្យវត្ថុជាកញ្ចប់ ៗ តាមជំនូន
លោកដែលត្រូវនិមន្តមកនោះ ឲ្យបានមួយកញ្ចប់ ១អង្គគ្រប់ៗ អង្គ ។
ឯទេយ្យវត្ថុក្នុងមួយកញ្ចប់ ៗ ត្រូវមានបច្ច័យ បួនមុខគឺ ចីវរ បិណ្ឌបាត
ឯទេយ្យវត្ថុក្នុងមួយកញ្ចប់ ៗ ត្រូវមានបច្ច័យ បួនមុខគឺ ចីវរ បិណ្ឌបាត
សេនាសនៈ ភេសជ្ជៈ ដាក់ចូលទៅក្នុងមួយកញ្ចប់ ៗ ដូច ៗ គ្នា ។
មានអ្នកខ្លះយល់ច្រឡំថា ធ្វើបុណ្យបច្ច័យបួន គេនិមន្តលោកតែបួនអង្គទេ
មានអ្នកខ្លះយល់ច្រឡំថា ធ្វើបុណ្យបច្ច័យបួន គេនិមន្តលោកតែបួនអង្គទេ
បើនិមន្តលោកទៅដល់ ៥អង្គ វាទៅជាបុណ្យបច្ច័យប្រាំហើយ ?
ការយល់យ៉ាងនេះ មុខគួរឲ្យសង្វេគបែជាយកព្រះសង្ឃធ្វើជាបច្ច័យទៅ
ការយល់យ៉ាងនេះ មុខគួរឲ្យសង្វេគបែជាយកព្រះសង្ឃធ្វើជាបច្ច័យទៅ
វិញពុទ្ធោអើយ ! បច្ច័យមានតែបួនប្រភេទទេ មានបច្ច័យឯណាទៅដល់
ប្រាំ ឬក៏ប្រាំមួយមុខនោះ ! ការធ្វើបុណ្យបច្ច័យបួនគឺ គេរៀបទេយ្យវត្ថុឲ្យមានគ្រប់ទាំងបួនបច្ច័យក្នុងមួយកញ្ចប់ ។ បើម្ចាស់
បុណ្យជាអ្នកមានធូរធារគេអាចបញ្ចូលចីវរប្បច្ច័យ ២ មានស្បង់ផងកន្សែង
ផង ។ បិណ្ឌបាតប្ប័យ ៣ឬ៤ មានអង្ករផង ត្រីងៀតផង ។ ទឹកត្រីផង
សេនាសនប្បច្ច័យ ៣ឬ៤ មានកន្ទេលផងខ្នើយផង ស្បែកជើងឬប៉ាន
ពែងផងក៏បាន និងគិលានភេសជ្ជប្បច្ច័យ ៣-៤ មានទឹកដោះគោ តែ
ស្ករ ឬថ្នាំពេទ្យថែមទៀតផងក៏បាន។ រួមបច្ច័យទាំងបួន ដ៏ច្រើនមុខនេះ
បញ្ចូលគ្នា វេចខ្ចប់ជាមួយកញ្ចប់ ។
ទេយ្យវត្ថុដ៏ច្រើនមុខនេះក៏ឈ្មោះថា បច្ច័យបួន ។ យើងរៀបកញ្ចប់សម្រាប់
ទេយ្យវត្ថុដ៏ច្រើនមុខនេះក៏ឈ្មោះថា បច្ច័យបួន ។ យើងរៀបកញ្ចប់សម្រាប់
តែលោកមួយអង្គក៏បច្ច័យបួន រៀប ៤-៥-៦ កញ្ចប់សម្រាបលោក ៤-៥-៦
អង្គក៏ឈ្មោះថា “ធ្វើបច្ច័យបួនដែរ ។
គ្រាប់តែថា បើ្វធ្វើតូចបច្ច័យទាំងបួន មួយកញ្ចប់ ៗ ក៏តិច ។ ទោះបីតិចក្ដី
គ្រាប់តែថា បើ្វធ្វើតូចបច្ច័យទាំងបួន មួយកញ្ចប់ ៗ ក៏តិច ។ ទោះបីតិចក្ដី
ច្រើនក្ដី ក៏ត្រូវឲ្យបាន៤ មុខ ។
ឯវិធីធ្វើ ដូចជាបុណ្យផ្សេងដែរ គឺថ្ងៃបុណ្យនោះ ពេលព្រឹកបងប្អូនជិតខាង
ឯវិធីធ្វើ ដូចជាបុណ្យផ្សេងដែរ គឺថ្ងៃបុណ្យនោះ ពេលព្រឹកបងប្អូនជិតខាង
ជួយធ្វើរោងបុណ្យមុខផ្ទះ តុបតែងរោង ហើយយករណ្ដាប់ទេយ្យវត្ថុ ដែលកញ្ចប់ដោយក្រដាស់ភ្លឺស្អាតចំនួនប៉ុន្មានកញ្ចប់ដែលយើងតម្រូវនិមន្ត
ព្រះសង្ឃប៉ុន្មានអង្គនោះ មកដាក់តម្រៀបលើគ្រែក្បែរគ្រឿងសក្ការៈព្រះ
ពុទ្ធរូប ។ ដល់ពេលរសៀល មេក្រូបុណ្យបន្លឺសម្លេង ជាពេលដែលភ្ញៀវ
អញ្ជើញទៅចូលបុណ្យ ។ ពេលល្ងាចលោកអាចារ្យ ចាប់ផ្ដើមនមស្ការ
ថ្វាយបង្គំ ហើយនិមន្តព្រះសង្ឃតាមចំនួនមក រួចសមាទានសីលនិង
អារាធនាចម្រើនព្រះបរិត្ត ។ បើមានទេសនាផង ក៏រៀបធម្មាសនៈ ហើយ
និមន្តព្រះធម្មកថិក សម្ដែងធម៌ទេសនាតទៅ ។ លុះព្រឹកឡើងនិមន្តព្រះ
សង្ឃទទួលយាគូ ។ បើមិនបានធ្វើយាគូទេ ធ្វើសង្ឃភត្តតែម្ដងនោះ គប្បី
សមាទានសីល ហើយអ្នកដើមបុណ្យព្រមទាំងកូនចៅ ញាតិមិត្តនាំគ្នាកាន់
គ្រឿងប្រដាប់ ទេយ្យវត្ថុឡើង ដើម្បីវេរទេយ្យវត្ថុ បច្ច័យ ៤ នេះនិងវេរចង្ហាន់
ទៅជាមួយគ្នា ។
លោកអាចារ្យនាំពុទ្ធបរិស័ទវេរ ៖ នមោ ៣ចប់ (តាមទម្លាប់ រួចអ្នកដើមបុណ្យ
លោកអាចារ្យនាំពុទ្ធបរិស័ទវេរ ៖ នមោ ៣ចប់ (តាមទម្លាប់ រួចអ្នកដើមបុណ្យ
ទាំងអស់និងពុទ្ធបរិស័ទ ថាតាមលោកអាចារ្យវេរ ៖
មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេ
មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេ
សង្ឃោ ឥមេ ចត្តារោ បច្ចយេ បដិគណ្ហាតុ (មាតាបិតាទីនំ គុណវន្តានញ្ច)
អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
ទុតិយម្បិ . មយំ ភន្តេ ........
តតិយម្បិ . មយំ ភន្តេ ...........
បពិត្រព្រះសង្ឃដ៏ចម្រើនអើយ ! យើងខ្ញុំទាំងឡាយបាននាំមកនូវបច្ច័យទាំង
ទុតិយម្បិ . មយំ ភន្តេ ........
តតិយម្បិ . មយំ ភន្តេ ...........
បពិត្រព្រះសង្ឃដ៏ចម្រើនអើយ ! យើងខ្ញុំទាំងឡាយបាននាំមកនូវបច្ច័យទាំង
ឡាយ ៤នេះ មកដម្កល់ទុកក្នុងទីនេះ ហើយវេរប្រគេនដល់ព្រះសង្ឃ បពិត្រ
ព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃទទួលយក នូវបច្ច័យទាំងឡាយ ៤នេះ
ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចសុខ (ដល់អ្នកដ៏មានគុណទាំងឡាយមានមាតាបិតាជាដើមផង អស់កាលជា
អង្វែងទៅហោង ។
អស់វារៈពីរដងផង ....។ អស់វារៈបីដងផង...។
បន្ទាប់មកចូលទៅអង្គុយឲ្យជាប់ហត្ថបាស ហើយប្រគេនទេយ្យវត្ថុនិងចង្ហាន់
អស់វារៈពីរដងផង ....។ អស់វារៈបីដងផង...។
បន្ទាប់មកចូលទៅអង្គុយឲ្យជាប់ហត្ថបាស ហើយប្រគេនទេយ្យវត្ថុនិងចង្ហាន់
ដល់ព្រះសង្ឃ ។ ព្រះសង្ឃ អនុមោទនា (គឺសូត្រធម៌) ចប់ហើយ យើងសូត្រ
ឧទ្ទិសកុសលផលទាន តាមទម្លាប់ ។
សូមបញ្ជាក់ថា ៖ ការវេរនេះ បើមានតែទេយ្យវត្ថុក៏វេរយ៉ាងនេះ ។ បើមាន
សូមបញ្ជាក់ថា ៖ ការវេរនេះ បើមានតែទេយ្យវត្ថុក៏វេរយ៉ាងនេះ ។ បើមាន
ចង្ហាន់ ព្រះសង្ឃឆាន់នៅផ្ទះបុណ្យឬ រាប់បាត្រ ចង្ហាន់ដាក់ចានស្រាក់
យកទៅឆាន់នៅឯវត្តផង ក៏វេរតែមួយលើកដូចខាងលើនេះជាការស្រេច ។
តែបើលោកអាចារ្យចង់វេរដោយឡែក ជាពីរវគ្គ គឺ វេរទេយ្យវត្ថុ បច្ច័យ៤
តែបើលោកអាចារ្យចង់វេរដោយឡែក ជាពីរវគ្គ គឺ វេរទេយ្យវត្ថុ បច្ច័យ៤
ដូចខាងលើ រួចហើយសឹមវេរចង្ហាន់ មួយលើកទៀត ដោយឡែកពីបាលី
ខាងលើនេះ ក៏បានគឺ វេរ ៖
Ø អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧប្បទិតោ ..............។ល។
Ø មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម ..........។ល។
ប៉ុន្តែ សូមលោកអាចារ្យ មើលពេលវេលាផង ព្រោះតែគេហៅថា (លោក
Ø អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧប្បទិតោ ..............។ល។
Ø មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម ..........។ល។
ប៉ុន្តែ សូមលោកអាចារ្យ មើលពេលវេលាផង ព្រោះតែគេហៅថា (លោក
អាចារ្យអ្នកនាំគេ
នោះ) ត្រូវស្វែងយល់ឲ្យសព្វគឺ ៖ កាលញ្ញូ គួរដឹង-ស្គាល់កាលវេលា
(ក្រែងយូរពេកទៅនាំសៅហ្មង) បរិសញ្ញូ គួរដឹងស្គាល់បរិស័ទជុំវិញខ្លួន
(ក្រែងមានអ្នកសំដែងអាកប្បកិរិយា ទឹកមុខធុញទ្រាន់) ។
ព្រោះថា បញ្ហាចង្ហាន់ សំខាន់នៅលើការប្រគេន ទទួលតាមផ្លូវកាយទើបព្រះ
ព្រោះថា បញ្ហាចង្ហាន់ សំខាន់នៅលើការប្រគេន ទទួលតាមផ្លូវកាយទើបព្រះ
សង្ឃទទួលឆាន់បាន មិនសំខាន់ពេកលើការវេរដោយវាចា ហើយមិនប្រគេន
ដោយកាយ លោកមិនអាចឆាន់ដោយដាច់ខាត ។ (នេះជាវិន័យបញ្ញត្តិ) ។
ម្យ៉ាងទៀត ទម្លាប់កន្លែងមួយចំនួន កាលលោកសូត្រមន្តនៅថ្ងៃរសៀល ល្ងាច
ឬពេលយប់ចប់ហើយ គេវេរទេយ្យវត្ថុប្រគេនលោកតែម្ដង ប៉ុន្តែលោកងាចារ្យ
ខ្លះថា ការវេរប្រគេនយ៉ាងនេះមិនបានទេ ព្រោះក្នុងបច្ច័យទាំងបួននោះ
មានបិណ្ឌបាតបច្ច័យផង វេរប្រគេនខុសកាលមិនកើត គឺផុតពីថ្ងៃត្រង់ ហើយ
ជាវេលាវិកាល ។
ត្រង់ចំណុចនេះសូមយល់ថា បើក្នុងកញ្ចប់ទេយ្យវត្ថុបច្ច័យបួននោះ មានវត្ថុ
ត្រង់ចំណុចនេះសូមយល់ថា បើក្នុងកញ្ចប់ទេយ្យវត្ថុបច្ច័យបួននោះ មានវត្ថុ
បិណ្ឌបាតពិតៗ ដូចជា អង្ករ ត្រី សាច់ ប្រហុក អំបិល ទឹកត្រី ។ល។ យ៉ាងនេះនឹងវេរប្រគេនក្នុងវេលាខុសកាល ក៏ពិតជាមិនគួរមែន ដូច្នេះ គួរ
ត្រឹមតែបវរណា ហើយព្រឹកឡើងសឹមប្រគេន ។ ប៉ុន្តែ បើក្នុងកញ្ចប់ទេយ្យ
វត្ថុមានសំភារៈបរិក្ខាបីបច្ច័យ រួចយកថវិកាដាក់ស៊ងបញ្ចូលជំនួស បិណ្ឌ
បាតបច្ច័យបន្ថែមចូលទៅក្នុងកញ្ចប់នោះការវេរជាបច្ច័យបួនបាន ហើយ
វេរប្រគេនពេលណាក៏បាន ។
បច្ចុប្បន្ននេះ ស្ទើរគ្រប់កន្លែងក្នុងកម្ពុជាយើង កាលណាគេធ្វើបុណ្យបច្ច័យបួន
បច្ចុប្បន្ននេះ ស្ទើរគ្រប់កន្លែងក្នុងកម្ពុជាយើង កាលណាគេធ្វើបុណ្យបច្ច័យបួន
គេរៀបចំរណ្ដាប់អង្គ ទេយ្យវត្ថុក្នុងមួយកញ្ចប់ ៗ ដែលសម្បូណ៌បែបឃើញមាន
ត្រឹមតែ ៣បច្ច័យគឺ សាដក ឬស្បង់ ចីពរ និងមានសាប៊ូច្រាស់ថ្នាំដុសធ្មេញ
ប្រេងក្រូឡា ថ្នាំពេទ្យ ទឹកដោះគោ តែស្ករ កាហ្វេ ទឹកក្រូច ប៉ាន កែវ ស្បែក
ជើង ចាន ស្លាបព្រា ភួយមុង និងមាននៅអែបក្រៅកញ្ចប់និមួយ ៗ ជួនកាល
អាចមាន ចានស្រាក់ កំសៀវ ចង្ក្រាន កន្ទេល ខ្នើយ ។ល។ រាប់មកប៉ុណ្ណេះ
សុទ្ធតែបច្ច័យ ៣ ពុំទាន់មានបិណ្ឌបាតប្បច្ច័យឡើយ ហើយបិណ្ឌបាតប្បច្ច័យ
សុទ្ធ ៗ ជាអង្ករ ត្រី សាច់ ពុំដែលឃើញគេដាក់ បញ្ចូលក្នុងជាមួយបច្ច័យ
ទាំង ៣ ក្នុងកញ្ចប់នោះឡើយ ប៉ុន្តែ គេនិយមដាប់ថវិកាគឺ ប្រាក់កាស ពីរបី
ពាន់ ប្រាំពាន់ មួយហ្មឺនរៀលក្នុងមួយកញ្ចប់ ៗ តាមលទ្ធភាព ។ ប្រាក់នេះ
ក៏សម្រាប់បច្ច័យ ៤ពិត ដូច្នេះវេរជាបច្ច័យ ៤ បានហើយ គឺទេយ្យវត្ថុ ក្នុង
មួយកញ្ចប់ ៗ សម្រាប់អង្គនោះពិតជាបច្ច័យបួនដោយត្រឹមត្រូវ ថែមទាំង
អាចារ្យវេរប្រគេន ពេលណាក៏បានឥតមានទាស់ ។
No comments:
Post a Comment