ពុទ្ធសាសនិកខ្មែរយើងមានទម្លាប់មួយខុសឆ្គងយកតែមែនទែន ហើយមិនបានដឹងថាខ្លួនធ្វើខុសទាល់តែសោះ ។ ហេតុនេះ ខ្ញុំនឹងលើកយកបញ្ហានេះមកបង្ហាញដើម្បីឲ្យកាន់តែយល់ច្បាស់អំពី ព្រះពុទ្ធសាសនារបស់ខ្លួន ។
ដែលខ្ញុំថាជាទង្វើខុសនោះគឺខុសក្នុងពេលយកគ្រឿងបង្សុកូលទៅ វត្ត ពុទ្ធបរិស័ទតែងឲ្យលោកអាចារ្យវេរដើម្បីបញ្ជូនគ្រឿងបង្សុកូលទៅ ដូនតាញាតិមិត្តដែលបានចែកឋានទៅកាន់បរលោក ។ មួយទៀតលោកតែងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ពេលព្រះអង្គសូធ្យ កុសលាធម្មា អកុសលាធម្មា… ដោយមានច្រូចទឹកផង ។ ទម្លាប់នេះមិនថាតែពុទ្ធបរិស័ទទេដែលធ្វើខុស លោកអាចារ្យក៏ធ្វើខុសដូចគ្នាដែរ ដែលខុសភាគច្រើននោះ គឺមកអំពីលោកអាចារ្យជាអ្នកណែនាំនោះឯង ។
តាមទម្លាប់ ពេលឮសំឡេងធម៌ កុសលាធម្មា ចាស់ៗឈូឆរនាំគ្នាប្រគេនចង្ហាន់ ខ្លះច្រូចទឹក អ្នកខ្លះមិនបានច្រូចដោយផ្ទាល់ក៏ត្រូវកាន់ដៃ ឬប៉ះជើងតគ្នាជាមួយអ្នកដែលបានកាន់ទឹកច្រូចនោះ សន្មតថាបានច្រូចដែរ ។ ការធ្វើបែបនេះមិនមែនជាការត្រឹមត្រូវទេ ដោយត្រឹមត្រូវគឺគួរតែត្រងត្រាប់ស្ដាប់ព្រះធម៌ដោយយកចិត្តទុកដាក់ និងប្រកបដោយសទ្ធាយ៉ាងមុតមាំចំពោះព្រះធម៌នោះ ។ ការប្រគេនចង្ហាន់ក្នុងពេលព្រះសង្ឃកំពុងសូធ្យ ធ្វើឲ្យគ្រប់គ្នាលែងបានស្ដាប់ព្រះធម៌ ព្រះសង្ឃសូធ្យតែព្រះអង្គឯង មិនមានអ្នកស្ដាប់ ហើយព្រះសង្ឃនោះក៏ត្រូវអាបត្តិព្រោះសូធ្យធម៌អត់អ្នកស្ដាប់នោះ ឯង ។
ដូច្នេះការវេរចង្ហាន់តាមអាចារ្យ ការប្រគេនចង្ហាន់ពេលព្រះសង្ឃកំពុងសូធ្យនោះមិនត្រឹមត្រូវ ហើយមិនបានកុសលសោះ ។ ការធ្វើបុណ្យបានកុសលនោះ គឺការស្ដាប់ធម៌ដោយសង្រួម, ដោយយកចិត្តទុកដាក់ មិនរំខានដល់ការសូធ្យធម៌របស់ព្រះសង្ឃ មិនរំខានដល់អ្នកដទៃក្នុងពេលព្រះសង្ឃសម្ដែងធម៌ ។ ព្រោះអ្វី ? ព្រោះអាហារដែលប្រគេនដល់ព្រះសង្ឃមិនអាចឲ្យអាហារទាំងនោះបានទៅ ដល់ដូនតាដោយអាហារទាំងដុំៗនោះ ឬបរិភោគអាហារទាំងនោះបានឡើយ ។ យើងបញ្ជូនបានត្រឹមតែកុសលដែលយើងបានធ្វើដោយអាហារចំពោះព្រះសង្ឃ និងកុសលដែលយើងបានត្រងត្រាប់ស្ដាប់នូវព្រះធម៌ប៉ុណ្ណោះ ។
ចុះអ្វីជាប្រតិបត្តិត្រឹមត្រូវ ?
គឺយើងគួរស្ដាប់ធម៌ដោយយកចិត្តទុកដាក់
ស្ដាប់ចប់សឹមក្រោកប្រគេនចង្ហាន់ដល់ព្រះសង្ឃ
ប្រគេនរួចចាប់ផ្ដើមឧទ្ទិសបុណ្យកុសលដែលយើងបានធ្វើដល់ញាតិមិត្ត
ដូនតា ទេព្ដា ប្រេត អសុរកាយ និងសត្វតិរច្ឆានទាំងឡាយ,
អ្នកទាំងឡាយនោះអនុមោទនាយកបុណ្យកុសលដែលយើងបានធ្វើដោយពាក្យថា
សាធុនោះហើយ ក៏បានទទួលនូវចំណែកបុណ្យដែលយើងបានធ្វើទាំងនោះ
បុណ្យទាំងនោះក៏មិនបាត់បង់អំពីខ្លួនរបស់យើង
ប៉ុន្តែក៏បានបុណ្យកុសលថែមទៀតព្រោះតែចំណែកបុណ្យដែលយើងបានចែក
ឲ្យអ្នកទាំងនោះ, នេះទើបជាហេតុផលក្នុងព្រះពុទ្ធសាសនា ។ ហេតុនេះហើយ យើងជាពុទ្ធសាសនិក ជាអ្នកដែលជឿជាក់លើព្រះពុទ្ធសាសនា គួរប្រតិបត្តិឲ្យបានត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា, គួរស្គាល់ព្រះពុទ្ធសាសនារបស់ខ្លួនឲ្យបានច្បាស់លាស់ កុំឡូកឡំជាមួយសាសនាដទៃដែលមិនសមហេតុផល នេះទើបហៅថាជាពុទ្ធសាសនិកពិតប្រាកដ ។
ខ្ញុំបានសូមលើកយកហេតុផលខ្លីៗត្រឹមប៉ុណ្ណេះ បើការយល់របស់ខ្ញុំនៅមានការខ្វះខាត សូមលោកអ្នកដែលមានប្រាជ្ញាជួយកែតម្រូវនិងបំពេញដើម្បីជាការរួម ចំណែកលើកកម្ពស់ដល់ព្រះពុទ្ធសាសនាដ៏ល្អផូរផង់នេះ ឲ្យបានគងវង់យូរអង្វែងតទៅអើយ ។
No comments:
Post a Comment