លោកអ្នកជាឪពុកម្ដាយតែងមានការ ព្រួយបារម្ភខ្លាចទារកឈ្លក់ឬស្ទះដង្ហើមនៅពេលទារកបញ្ចេញសម្លេងយំ ខណៈពេល បំបៅដោះឬបញ្ច្រកថ្នាំ។ ការបញ្ច្រកថ្នាំទារកគឺជារឿងមួយដែលលោកអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះបើមានការថ្លោះធ្លោយនឹងអាចបណ្ដាលឱ្យទារកស្ទះដង្ហើមបាន។ ដូចនេះសូមលោកអ្នកពិសេសអាណាព្យាបាលទាំងឡាយគប្បីស្វែងយល់ពីវិធី បញ្ច្រកថ្នាំទារកឱ្យ បានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត ហុង សុខឃាង អ្នកឯកទេសផ្នែកបេះដូងកុមារនៃមន្ទីរពេទ្យកុមារជាតិ នឹងបកស្រាយពីវិធីបញ្ច្រកថ្នាំទារក តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ទារកនៅមានដង្ហើមខ្លី
លោកអ្នកបានដឹងហើយថាដង្ហើមទារកនៅខ្លី
ដូចនេះមិនអាចទ្រាំទ្រនឹងបរិយាកាសហប់គ្មានខ្យល់ដកដង្ហើមបានយូរនោះទេ
ពិសេសនៅពេលដែលឈ្លក់ឬស្ទះរបស់អ្វីមួយតាមផ្លូវដង្ហើម។
ដូចនេះប្រការដែលល្អបំផុតចៀសវាងកុំឱ្យទារកជួបបញ្ហាផ្លូវដង្ហើម
ឱ្យសោះ។ ដើម្បីបង្ការបញ្ហាទារកស្ទះ ឬឈ្លក់អ្វីមួយ
លោកអ្នកគប្បីជួបជាមួយគ្រូពេទ្យដែលមានឯកទេសខាងទារកដើម្បីរកវិធីជួយ
ពេលដែលទារកជួបបញ្ហាដង្ហើម។
វិធីបញ្ច្រកថ្នាំទារក
វិធីបញ្ច្រកថ្នាំទារកដែលមិនត្រឹមត្រូវអាចធ្វើឱ្យមានគ្រោះថ្នាក់
មានឈ្លក់ ស្ទះដង្ហើមជាដើម។ មុននឹងបញ្ច្រកថ្នាំទារក
ត្រូវរកស៊ឺរ៉ាងថ្នាំតូចមួយ ឬកូនស្លាបព្រា
ហើយកំណត់កម្រិតជាតិថ្នាំទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ។
បន្ទាប់មកលោកអ្នកយកចុងស៊ឺរ៉ាង ដាក់បាញ់ផ្ទប់ទៅនឹងកៀនថ្ពាល់ទារក
ដោយបាញ់ទម្លាក់ជាតិថ្នាំដាក់ក្នុងកៀនថ្ពាល់់ឱ្យទារកលេបបន្ដិចម្ដងៗ
ចៀសវាងបាញ់ចំកណ្ដាលមាត់
ព្រោះនៅពេលដែលទារកយំរួចប្រឹងដកដង្ហើមចូលថ្នាំអាចហូរចូល
ធ្វើឱ្យឈ្លក់ឬស្ទះខ្យល់បង្កគ្រោះថ្នាក់ដល់ទារក។
បើសិនជាកូនស្លាបព្រាវិញក៏ត្រូវដាក់ចុងស្លាបព្រាទៅនឹងកៀនថ្ពាល់
ហើយឱ្យទារកលេបថ្នាំបន្ដិចម្ដងៗដូចគ្នា។
មួយវិញទៀតវិធីដែលល្អគឺត្រូវបញ្ច្រកថ្នាំនៅពេលដែលទារកបញ្ចេញសម្លេង
យំ ចៀសវាងដាក់ថ្នាំនៅពេលដែលទារកដកដង្ហើមចូល។
ដំបូន្មានអ្នកជំនាញ
ការថែទាំសុខភាពរាងកាយទារកគឺជារឿងមួយដែលលោកអ្នកគប្បីយកចិត្ដ
ទុកដាក់ជាទីបំផុត ព្រោះសរីរាង្គ និងប្រព័ន្ធ
ការពាររាងកាយរបស់ទារកមានសភាពទន់ខ្សោយ។
សូមឪពុកម្ដាយទាំងអស់ធ្វើយ៉ាងណាមើលថែសុខភាពកូនឱ្យបានល្អ
ព្រោះមានជម្ងឺច្រើនប្រភេទណាស់
ដែលងាយមានចំពោះកុមារហើយបង្កឱ្យមានគ្រោះថ្នាក់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
No comments:
Post a Comment