ក្រោយពេលរៀបអាពាហ៍
ពិពាហ៍ គ្រប់គូស្វាមីភរិយារមែងតែងចង់បានសុភមង្គល។ 
ប៉ុន្ដែមិនមែននរណាសុទ្ធតែទទួលបានដូច បំណងប្រាថ្នានោះទេ។ 
មានគូស្រករមិនតិចទេដែលលែងលះគ្នាដោយហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នា 
ក្បត់ចិត្ដគ្នាជាដើម។ វិធី ដើម្បីឱ្យមានសុភមង្គលមិនពិបាកទេ 
វាអាស្រ័យទៅលើការប្រព្រឹត្ដរបស់អ្នកទាំងពីរតែម្ដង។ 
តើអ្នកទាំងពីរស្រឡាញ់ និងយល់ចិត្ដ គ្នាដល់កម្រិតណា? 
មានការគោរពគ្នាឬទេ? ឱ្យតម្លៃគ្នាទៅវិញទៅមកឬទេ? 
ទាំងនេះសុទ្ធតែជាចំណោទនៃបញ្ហាក្នុងរឿងសុភមង្គល ។

រូបភាពទស្សនាវដ្តីសុខភាពយើង
ការយកចិត្ដទុកដាក់
បុរសពិតមែនតែជាភេទខ្លាំង ប៉ុន្ដែមានបុរសមិនតិចទេ 
ក្រោយពេលរៀបការរួច គេក្លាយទៅជាក្មេងតូចមួយ ដែលត្រូវការឱ្យ 
ភរិយាយកចិត្ដទុកដាក់ដល់គេ តាំងពីរឿងតូចតាចឡើងទៅ 
ដូចជាសម្លៀកបំពាក់ទាំងក្នុងទាំងក្រៅ ស្បែកជើង ស្រោមជើង ម្ហូបចំណី 
ពេលវេលាទៅធ្វើការ ឬសម្ភារៈផ្សេងៗទៀតជាច្រើន។ 
ដូចនេះស្ដ្រីជាភរិយាត្រូវរៀបចំរួចជាស្រេចដើម្បីបំពេញភារកិច្ច
ទាំងនេះ។
ការស្មោះត្រង់
គូស្វាមីភរិយាត្រូវរួមសុខរួមទុក្ខជាមួយគ្នាអស់មួយជីវិត។ 
ហេតុនេះមិនអាចទទួលយកបានទ្បើយចំពោះការកុហករបស់ភរិយាទោះបីរឿង
តូចតាចក្ដី។ 
ចរិតស្មោះត្រង់របស់ភរិយាធ្វើឱ្យស្វាមីមានលំនឹងក្នុងចិត្ដលើបញ្ហា
ហិរញ្ញវត្ថុ ការអប់រំកូនចៅ និងការប្រព្រឹត្ដ របស់មនុស្សគ្រប់រូប។ 
ផ្ដើមចេញពីចំណុចទាំងនេះ 
ស្ដ្រីជាភរិយាអាចជួយឱ្យស្វាមីនឹងនរចិត្ដក្នុងការបំពេញការងារ 
និងធូរស្រាលក្នុង អារម្មណ៍ផងដែរ។
ចេះអត់ឱន និងអធ្យាស្រ័យ
នារីជប៉ុនត្រូវបានបុរសនៅទូទាំងពិភពលោកវាយតម្លៃថាជាគំរូ 
ជាស្ដ្រីភរិយាដ៏វិសេសវិសាលបំផុត ពីព្រោះនារីជប៉ុនមានគុណ 
ធម៌អត់ឱនអធ្យាស្រ័យស្វាមីខ្ពស់បំផុត។ 
សុភាពនារីមិនត្រូវគិតថាការអត់ឱនចំពោះស្វាមី 
គឺជាការបង្ហាញនូវវិសមភាពរវាងបុរស និងនារី ឱ្យសោះ។ 
បើពិនិត្យមើលចរិតពិតរបស់បុរស គឺចិត្ដខ្លាំង ស្រេកឃ្លានកិត្ដិយស 
ការសម្រេចចិត្ដមោះមុតជាដើម។ អាស្រ័យហេតុនេះ ការ 
អត់ឱនអធ្យាស្រ័យរបស់ភរិយា 
គឺជាការស្ដែងចេញនូវនិន្នាការប្រកបដោយសុច្ឆន្ទៈនៅក្នុងជីវិតប្ដី
ប្រពន្ធ។ បន្ទាប់ពីកំហឹងក្រេវក្រោធរបស់ ស្វាមី 
ហើយបានការអត់ឱនឱ្យរបស់ភរិយា 
ស្វាមីច្រើនតែសម្ដែងការដឹងពីកំហុសរបស់ខ្លួន។ 
ប្រការនេះនឹងធ្វើឱ្យស្វាមីរិតតែអាណិត ស្រឡាញ់ប្រពន្ធកូនទ្វេទ្បើង។ 
នេះជាវិធីថែរក្សាការពារសុភមង្គលគ្រួសារដ៏មានប្រសិទ្ធភាពបំផុត។ 
សូមសុភាពនារីទាំងទ្បាយកុំយល់ ច្រទ្បំរវាងការអត់ឱន 
និងចរិតទន់ជ្រាយឱ្យសោះ។
ភាពទន់ភ្លន់ស្លូតបូត
ការនិយាយស្ដីឥតអំណោយទាន 
និងការបំបាក់មុខប្ដីនៅចំពោះមុខគេឯងរហូតដល់មានគេពោលពាក្យថា“ម៉េចក៏
ប្រពន្ធឯង និយាយបែបនេះ” មិនគួរឱ្យកើតមានឡើយ។ ហេតុនេះ 
បុរសពិតជាត្រូវការភរិយាមួយរូបដើម្បីធានាបាននូវជំនឿចិត្ដ 
មិនធ្វើឱ្យគេបាក់ មុខ ទោះបីនៅទីណា ពេលណាក៏ដោយ។
ឈ្លាសវៃប៉ិនប្រសព្វក្នុងការប្រាស័យទាក់ទង
បុរសជាស្វាមីមិនសូវជាពេញចិត្ដប៉ុន្មានទេ 
នៅពេលដែលភរិយានិយាយអ្វីដឹងតែពីស្ដាប់ ហើយបង្គាប់អ្វីធ្វើហ្នឹង។ 
ជាភរិយាត្រូវ តែឆ្លាត ស្វាមីនិយាយតែបន្ដិចអាចយល់បានថាស្វាមីចង់បានអ្វី
 ទើបជាការប្រសើរ។ 
ចរិតរឹងមាំក្នុងសុភមង្គលគ្រួសារផ្ដើមចេញពីការគោរពគ្នាទៅវិញទៅមក 
និងការឈ្លាសវៃប៉ិនប្រសព្វនៅក្នុងទំនាក់ទំនងនោះ 
គឺជាមូលហេតុដ៏សំខាន់ដែលធ្វើឱ្យស្វាមីគោរពភរិយា។ ប៉ុន្ដែ 
សូមចងចាំថាបុរសមួយចំនួនមិនចង់ឱ្យខ្លួនគេអន់ជាងភរិយាទេ 
ទោះក្នុងករណីណាក៏ដោយ។
ត្រូវរៀបចំខ្លួនឱ្យស្អាតបាត
មានស្ដ្រីភាគច្រើនលែងរវល់នឹងការសម្អិតសម្អាងកាយ 
ព្រោះយល់ថាខ្លួនមានប្ដីមានកូនមិនមាននរណាស្រឡាញ់ទៀតទ្បើយ។ 
នេះជាការយល់ខុសទាំងស្រុង 
គ្រប់បុរសទាំងអស់តែងតែប្រាថ្នាចង់បាននារីស្អាតមកនៅក្បែរខ្លួន
ជានិច្ច។ ដូចនេះសុភាពនារីទាំងអស់ត្រូវ 
ធ្វើកុំបីធ្វេសប្រហែសក្នុងរឿងនេះ។ 
ប៉ុន្ដែមិនត្រូវតែងខ្លួនរហូតដល់ទាល់តែជ្រុលហួសហេតុ មិនសក្ដិសមនោះទេ
 ព្រោះការតុបតែងរាងកាយឱ្យបានសមសួន វាក៏ជាកិត្ដិយសរបស់ស្វាមីដែរ។
រួមចំណែកទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ
សម័យនេះខុសពីសម័យមុន 
គ្រប់យ៉ាងក្នុងការរស់នៅសុទ្ធតែត្រូវចំណាយប្រាក់ទាំងអស់។ 
ដូចនេះបើទុកឱ្យស្វាមីជាអ្នករក ប្រាក់ចំណូលចូលគ្រួសារតែម្នាក់នោះ 
ពិតជាមិនអាចគ្រប់គ្រាន់ក្នុងជីវភាពបានទេ។ បើអាចមានលទ្ធភាព 
ភរិយាទាំងឡាយគួររួមចំណែក ជាមួយស្វាមីដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ
 ព្រោះមិនថាគ្រួសារណាជាគ្រួសារណាទេឱ្យតែមានជីវភាពខ្វះខាត 
គឺមិនអាចរក្សាស្ពានសុភមង្គលឱ្យនៅគង់វង្សបានទេ។ 
មិនមែនដូចពាក្យគេថាឱ្យតែមានស្នេហ៍ស្មោះមានសុភមង្គលនោះ 
វាមិនត្រឹមត្រូវទាំងស្រុងឡើយ 
ព្រោះស្នេហ៍ស្មោះមិនអាចដូរបាយមកទទួលទានបានទេ។ 
អ្វីគ្រប់យ៉ាងសុទ្ធតែត្រូវការឱ្យមានតុល្យភាព ទើបអាចឈានទៅមុខបាន។ 
ម្យ៉ាងទៀតការ 
ដែលមានទម្លាប់រស់នៅពឹងផ្អែកលើបុរសទាំងស្រុងជួនកាលធ្វើឱ្យតម្លៃរបស់
លោកស្រី ឬអ្នកនាងចុះថយជាលំដាប់ក៏មានដែរ។
កុំទាមទារសិទ្ធិខ្លាំងពេក
វាជាការពិតដែលពោលថាបុរស និងស្ដ្រីត្រូវមានសិទ្ធិស្មើគ្នា។ 
ប៉ុន្ដែបើក្រឡេកមើលក្នុងជីវភាពគ្រួសារប្ដីប្រពន្ធ សព្វថ្ងៃសិទ្ធី 
របស់ស្រីជាភរិយានៅមានកម្រិតនៅឡើយ ព្រោះថាបើមនុស្សប្រុស 
និងមនុស្សស្រីមានសិទ្ធិស្មើគ្នានោះ ប្រាកដជាមិនអាចរស់នៅចុះ 
សម្រុងគ្នាបានទេ។ 
ពីព្រោះថាមនុស្សប្រុសមិនដែលចង់ឱ្យប្រពន្ធពូកែជាងខ្លួនឡើយ 
យ៉ាងហោចណាស់ក៏ត្រូវតែភរិយាអន់ជាងខ្លួនបន្ដិច ដែរ ទើបបាន។ 
នៅក្នុងដួងចិត្ដរបស់គេ បុរសត្រូវតែខ្លាំងជានិច្ច។ 
ដូចនេះស្ដ្រីជាភរិយាចាំបាច់ត្រូវតែយល់កាលៈទេសៈទើបបានជួនកាល 
ត្រូវបណ្ដោយឱ្យឈ្នះមួយរយៈសិនទៅ 
រួចចាំនិយាយគ្នាដោយសន្ដិវិធីដោយហេតុផលនៅពេលក្រោយ 
ក៏ជាការល្អម្យ៉ាងដែរ។
បណ្ដាំផ្ញើ
ទោះបីជាយ៉ាងណា អ្វីដែលទស្សនាវដ្ដី សុខភាពយើង លើកមក
ជម្រាបជូនខាងលើនេះ មានគោលបំណងតែមួយគត់ គឺដើម្បី 
រួមចំណែកកសាងសសរគ្រឹះសុភមង្គលគ្រួសារលោកអ្នក។ 
ប្រសិនបើចង់ឱ្យជីវិតគូស្រកររបស់លោកអ្នកមានសេចក្ដីសុខយូរអង្វែង និង 
រស់នៅជាមួយគ្នាទាល់តែចាស់កោងខ្នងនោះ 
លោកអ្នកគួរតែចេះអត់ទោសឱ្យគ្នាទៅវិញទៅមក ស្រឡាញ់គ្នា 
ជាពិសេសសម្រាប់សុភាពនារីជាភរិយា។ 
បើអនុវត្ដតាមអ្វីដែលបានជម្រាបជូនខាងលើនេះ 
មិនបាច់ទៅរកគ្រូដាក់ស្នេហ៍ទេ មន្ដស្នេហ៍នឹងរត់មករកលោកស្រីអ្នក 
នាងដោយខ្លួនឯងមិនខានឡើយ។ សូមចាំថានរណាក៏ត្រូវការឱ្យគេយកចិត្ដដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
No comments:
Post a Comment